កម្មការិនីរោងចក្រស្នើឲ្យមានទារកដ្ឋាន ដើម្បីងាយស្រួលបំបៅដោះ និងថែទាំសុខភាពកូនៗ

08
កុម្ភៈ

កម្មការិនីរោងចក្រស្នើឲ្យមានទារកដ្ឋាន ដើម្បីងាយស្រួលបំបៅដោះ និងថែទាំសុខភាពកូនៗ

ប្រភព៖ ខេមបូចា

ស្រប​ពេល​ដែល​ការ​បំបៅ​ដោះកូន​​នៅ​កម្ពុជា​ធ្លាក់​ចុះ កម្មការិនី​នៅ​តាម​រោង​ចក្រ​កាត់​ដេរ បាន​ជំរុញ​ឲ្យ​មាន​ទារកដ្ឋាន និង​មតេ្តយ្យ​សហគមន៍​នៅ​ជិត​រោង​ចក្រ​ដែល​ខ្លួន​ធ្វើ​ការ​។ ការជំរុញ​នេះ​ធ្វើ​ឡើង​ស្របពេល​មាន​ការ​ពិភាក្សា​​លើ​របាយការណ៍​ដែល​ថា​ការ​បំបៅ​ដោះ​ជួយ​ដល់​សុខភាព​មាតា និង​ទារក ព្រម​ទាំង​ប្រសិទ្ធភាពការងារកើន​ឡើង​​ផង​ដែរ។​​

អង្គការ​យូនីសេហ្វ អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត​បាន​ព្រមាន​ចំពោះការ​ធ្លាក់​ចុះ​យ៉ាងគំហុក​នៃអត្រា​បំបៅ​ដោះ​កូន​នៅ​កម្ពុជា  ដែល​​អត្រា​នេះ​បាន​បង្ហាញ​ក្នុងការ​ធ្វើ​ការ​ស្ទង់​មតិ​លើ​ប្រជាជន និង​សុខ​ភាព​ឆ្នាំ​២០២១-២០២២​។​

អង្គការ​សុខភាព​ពិភពលោក និង​អង្គកា​រយូនីសេហ្វ​លើ​ក​ឡើង​ថា​ការ​បំបៅ​ដោះ​កូន​ជា​វិធី​សាស្រ្ត​ល្អ​បំផុត​មួយ​ជួយ​កូន​ឲ្យ​ចៀស​ផុត​ពី​បញ្ហា​ខ្វះអាហារូបត្ថម្ភ និង​ជួយ​ធានាបាន​ថា​កូន​មាន​សុខ​ភាព និង​ការ​លូត​លាស់​រាង​កាយ​បាន​ល្អ​។ អង្គការ​អន្តរជាតិ​​ទាំង​នេះ​បន្តថា៖ «​ម្ដាយ​ដែល​បំពៅ​ដោះ​កូនមាន​អត្រាហានិភ័យ​វិវត្ត​ទៅ​មាន​ជំងឺ​មហារីក​សុដន និង​មហារីក​ក្រពេញអូវែ តិច​ជាង​អ្នក​មិន​បំបៅ​ដោះ​កូន នេះ​ជា​អត្ថប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​ផ្សេង​ទៀត»។​

កម្មការិនី ធី សុផានី វ័យ​៣២ឆ្នាំ ធ្វើ​ការ​​នៅ​រោង​ចក្រ​ Can Sport Shoes ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង បាន​ប្រាប់​ខេមបូ​ចា​ ថា​គួរ​តែ​មាន​ការ​បង្កើត​កន្លែង​​មើល​ក្មេង ឬ​កន្លែង​បំបៅ​ដោះ​នៅ​ជិត​រោង​ចក្រ​ដែល​មាន​បរិយាកាស​ល្អ​សម្រាប់​ម្ដាយ និង​កូនៗ។ ការ​ធ្វើ​បែប​នេះ ក៏​អាច​នឹង​ជួយ​ឲ្យ​ស្រ្តី​ជា​ម្ដាយ​អាច​ផ្ដោត​អារម្មណ៍​ធ្វើ​ការ​បាន​ល្អ​ផង​ដែរ​។​

​អ្នកស្រី​ សុផានី លើក​ឡើង​ទៀត​ថា៖ «​ម្ដាយ​អាច​ជួប​កូន​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ស្រណុក​ចិត្ត និង​ផ្ដោត​លើ​ការងារ​បាន​ល្អ​។ បន្ថែម​ពី​នេះ ពួកគាត់​នឹង​​មាន​កន្លែង​សមរម្យ​សម្រាប់​បំបៅ​ដោះ​កូន និង​ធានា​ថា​កូន​​មាន​សុខ​ភាព​ល្អ»។​

​បើសិន​ជា​ម្ចាស់​រោង​ចក្រ​សាងសង់​ទារកដ្ឋាន​ជាមួយ​នឹង​បរិក្ខា​សមរម្យ​រួម​ទាំង​បរិស្ថាន សម្ភារៈ​ផ្សេង និង​មាន​អ្នក​មើល​ថែ​ក្មេង​ផង កម្មការិនី​ពិត​ជា​អាច​​យក​កូន​របស់​ពួក​គេ​មក​ទុក​នៅ​ទីនេះ។ យ៉ាងណា អ្នកស្រី​ថា ខាង​រោង​ចក្រ​អ្នកស្រី​មិន​ទាន់​មាន​កន្លែង​បែបនេះ​នៅ​ឡើយ​។ ដើម្បី​ឲ្យ​អ្វី ទាំង​នេះ​កើត​ឡើង​ទៅ​បាន​ ត្រូវ​ការ​ការជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​។​

អ្នកស្រី​បន្ត​ថា៖ «​វា​ពិត​ជា​ល្អ​ណាស់​បើ​មាន​​ទារក​ដ្ឋាន​នៅ​ជិត​រោងចក្រ ប៉ុន្តែ​ទាំង​ម្ចាស់​រោង​ចក្រ និង​រដ្ឋាភិបាល​គួរ​ជួយ​ដល់​កម្មករ។ កម្មការិនី​ដែល​មាន​កូន​តូច នឹង​លែង​សូវ​បារម្ភ​ពី​កូន​របស់​ខ្លួន​។ ជាមួយ​គ្នា​នោះ កូនៗ​ក៏​អាច​ទទួល​បាន​សុខ​ភាព​ល្អ​ផង​ដែរ»។​

អ្នកស្រី​បន្តថា ការ​បង្កើត​ទារកដ្ឋាន ម្ចាស់​រោង​ចក្រ​ត្រូវ​តែ​គោរពតាម​ច្បាប់ស្ដីពី​ការងារ។ ចំណែក​រដ្ឋាភិបាល​ក៏​គួរ​ផ្ដល់​ការ​គាំទ្រ និង​ធានារ​សុខុមាលភាព​របស់​កម្មករ​កាត់ដេរ​បន្ថែមទៀត​។ អ្នកស្រី​ថា៖ «​វាគួរ​តែ​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ និង​សុវត្ថិភាព​​របស់​កម្មករ​»។​

បើ​តាមការ​សិក្សា​មួយ​របស់ការិយាល័យ​​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​អាស៊ី និង​ប៉ាស៊ីហ្វិក ស្រ្តី​១០​នាក់​ក្នុង​ចំណោម​១០​នាក់​ដែលបាន​សម្ភាន៍​លើក​ឡើង​ថា​រោងចក្រ​របស់​ខ្លួន​មិន​មាន​ទារក​ដ្ឋាន​នោះ​ទេ ហើយ​មាន​ពី​រ​នាក់​ក្នុង​ចំណោម​១០​នាក់ បាន​អះអាង​ថា​ការ​បំបៅ​ដោះ​មិន​អនុញ្ញាត​ទេ​ក្នុង​រោង​ចក្រ​ខ្លួន​។​

ការ​សិក្សា​ក៏​បាន​បង្ហាញ​ដែរថា ទារកដ្ឋាន​ដែ​ល​មាន​ទាំង​អ្នកមើល​ថែទារក នៅ​ជិត​រោងចក្រ​នឹង​ជួយ​ឲ្យ​ស្រ្តី​ជា​ម្ដាយ​អាច​​បំពេញ​ការងារ​​បាន​កាន់​តែល្អ និង​ថែម​ទាំង​អាច​ធ្វើ​ការ​ថែម​ម៉ោង​បាន​ទៀត​ផង​។​

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ លីណា វ័យ​២៧ ធ្វើ​ការ​នៅ​រោង​ចក្រ​ Star Shoes ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ឲ្យ​ដឹ​ងដែរថា កម្មការិនី​ខ្លះ​បាន​ទុក​កូន​តូច​ឲ្យ​នៅ​​ជាមួយ​ឪពុក​ម្ដាយ​របស់​ខ្លួន ហើយ​ពួក​គេ​តែង​តែ​បារម្ភ​ជានិច្ច​ថា​ឪពុកម្ដាយ​មិន​អាច​មើល​ថែ​កូន​របស់​ខ្លួន​បាន​ល្អ​។ ហេតុ​នេះ​បើ​សិន​ជា​មាន​ទារក​ដ្ឋាន​នៅ​ក្បែរ​រោង​ចក្រ​នឹង​ជួយ​កម្មការិនី​បាន​ច្រើន​។​

លីណា លើក​ឡើងថា៖ «ភាគ​ច្រើន​នៃពួក​យើង​បាន​ទុក​កូន​នៅ​ជាមួយ​ឪពុក​ម្ដាយ វា​ពិត​ជា​ល្អ​បើ​សិន​ជាមាន​​ទារក​ដ្ឋាន​នៅ​ជិត​រោង​ចក្រ»។​

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ ឡោ ស្រីមុំ វ័យ​៣២ ឆ្នាំ​ធ្វើ​ការ​នៅ​រោងចក្រ U&Y ក្នុង​ខេត្ត​កណ្ដាល​ឲ្យ​ដឹង​ថា​អ្នកស្រី គាំទ្រ​នឹង​គំនិត​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ទារក​ដ្ឋាន ព្រោះ​ថា​វា​មាន​គុណ​ប្រយោជន៍​ដល់កម្មករ និង​ជួយ​គាំទ្រ​ស្រ្តី​ក្រោយ​សម្រាលកូន​ផ​ងដែរ​។​

​អ្នកស្រី​បន្ត​ថា៖ «​ជា​ធម្មតា​ កម្មការិនី ទុក​កូនៗ​របស់​ខ្លួន​នៅ​ជាមួយ​ឪពុក​ម្ដាយ ប៉ុន្តែ​បើ​សិន​ជា​មាន​ទារក​ដ្ឋានដែល​មាន​បរិយាកាស​ល្អ និង​មាន​អ្នក​ថែទាំទារក ឬក្មេងៗ​ផង យើង​នឹង​មាន​ពេល​ច្រើន​សម្រាប់​ធ្វើការ និង​មិន​មាន​ការ​បារម្ភ»។​

អគ្គលេខាធិការងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង មូនីកា ​​ប្រាប់​ខេមបូចា​ថា​ការបង្កើត​ឲ្យ​មាន​ទារក​ដ្ឋាន​នៅ​ជិត​រោង​ចក្រ​ជួយ​ដល់​កម្មការិនី​ជាម្ដាយ​គឺ​ជា​រឿង​ល្អ​។​

លោក​ឲ្យ​ដឹង​ថា៖ «​វា​នឹង​ជួយ​ដល់​កម្មការិនី​បាន​ច្រើន»។ លោក​បន្ថែម​ថា​​រយៈ​ពេល​កន្លង​មក​រោងចក្រ​ជា​ច្រើនប្រឈម​នឹង​បញ្ហា​ក្នុង​ការ​បង្កើត​ទារក​ដ្ឋា​ន ដោយសារ​តែ​បញ្ហា​ជំនាញ​ និង​ថវិកា​។​

លោក​រំឭក​ដែរ​ថា​កាល​ពី​មុន​ក៏​មិន​មាន​ទារកដ្ឋាន ឬ​មតេយ្យសហគមន៍ ដូច​នេះ​លោក​ថា​លោក​នឹង​បន្ត​ចូល​រួម​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ទារក​ដ្ឋាន​អនុលោម​ទៅ​តាម​គោលនយោបាយ​រដ្ឋាភិបាល​។​

លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់​ខេមបូចា​​ថាកាលគម្រោង​លើក​មុន ក្រ​សួង​បាន​សហការ​ជាមួយ​ដៃគូ​មួយ​ចំនួន​បង្កើត​ទារក​ដ្ឋាន​ចំនួន​១៣​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​។​

​លោក​បន្ត​ថា​ ពេល​នេះ​ ក្រ​សួង​កំ​ពុង​សិក្សា​រក​កន្លែង​បង្កើត​ទារក​ដ្ឋាន​នេះ​ដែរ។ វា​ពិត​ជា​មាន​សារសំខាន់​ណាស់​ដែល​មាន​ទារកដ្ឋាន​នៅ​ជិត​តំបន់​រោង​ចក្រ ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​រោង​ចក្រ ព្រោះ​វា​អាច​ប៉ះពាល់​សុខ​ភាពក្មេង​។​

​លោក​បន្ថែម​ថា៖ «​យើង​ចង់​ឲ្យ​មាន​ទារដ្ឋាន និង​មតេ្តយ្យសហគមន៍​ដែល​មាន​ស្ដង់ដា ដូច​នេះ​កម្មការិនី​មិន​សូវ​ព្រួយ​បារម្ភ​ពីកូនៗ ដោយ​កូនៗ ពួកគាត់អាច​នៅ​ក្នុ​ងទារក​ដ្ឋាន និង​បាន​រៀន​សូត្រ​នៅ​ក្នុង​មតេ្តយ្យ​សហគមន៍​ផង»។​

ស្រប​ពេល​ដែលមាន​​គម្រោង​សាង​សង់​ទារកដ្ឋាន ឬ​មតេ្តយ្យ​សហគមន៍​ ក្រ​សួង​បន្ត​​ស្វែង​រក​កិច្ច​សហការ​ពី​ដៃគូ និង​អ្នកវិនិយោគ ព្រោះ​ថា​រដ្ឋាភិបាល​ត្រូវ​ការ​ការ​វិនិយោគ​ដើម្បី​ឲ្យ​គម្រោង​នេះ​សម្រេច​បាន​។​

​លោក​ឲ្យ​ដឹងថា៖ «​យើង​ត្រូវ​ការ​អ្នក​វិនិយោគ។ ​យើង​អាច​មើល​ដែរ​ថា​និយោជក​មាន​ថវិកា​​សម្រាប់​ជួយ​កម្មករ​ និង​មើល​ដែរថាក្រ​សួង ឬរដ្ឋាភិបាល​មាន​ថវិកា​សម្រាប់​គម្រោង​នេះឬអត់។ ដូច​នេះ​យើង​នៅ​តែ​​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត និង​បន្ត​ការ​ផ្សព្វ​ផ្សាយ​តាម​រោង​ចក្រ​»។​

​អ្នកស្រី សាយ សុខនី អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ បាន​គត់​សម្គាល់​ឃើញ​ថា​មិនមាន​រោង​ចក្រ​ច្រើនទេ​ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ទារកដ្ឋាន ឬ​មតេ្តយ្យ​សហគមន៍​នៅ​ក្បែរ​រោង​ចក្រ។

​អ្នកស្រី​បន្ត​ថា៖ «​បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​នៅ​តែ​ក្នុង​រោង​ចក្រ​កាត់​ដេរទេ ប៉ុន្តែ​កន្លែង​ធ្វើ​ការ​ជា​ច្រើន​កន្លែង​ទៀត​ក៏​មិន​មាន​បន្ទប់​បំបៅ​ដោះ​ដែរ»។​

កម្មករ​កំពុង​ដើរ​ចេញ​ពី​រោងចក្រ​កាត់ដេរ​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៤។​ (ខេមបូចា/ព្រីង សំរាំង)​

​បើ​តាម​មាត្រា​១៨៤​នៃ​ច្បាប់​ស្ដី​ពី​ការងារ ​​ទារក​វ័យ​មួយ​ឆ្នាំ​ចុះ​ក្រោម ​ម្ដាយ​អាច​បំបៅ​ដោះ​ពួក​គេ​បាន​រហូត​ដល់​រយៈពេល​មួយ​ម៉ោង​​ក្នុង​មួយ​ថ្ងៃ​នៃ​ម៉ោង​ធ្វើ​ការ​។​

ចំណែក​មាត្រា​១៨៦ ចែង​ដែរ​ថា​នាយក​សហគ្រាស​ដែល​មាន​កម្មករ​​លើស​ពី​១០០​នាក់​គួរ​តែ​រៀបចំ​ឲ្យ​មាន​បន្ទប់​បំបៅ​ដោះ​សម្រាប់​ស្រ្តី​មាន​កូន​តូច​។​

ស្រ្តី​ជា​ម្ដាយ​ដែល​កំពុង​បម្រើ​ការងារ​អាច​បែង​ចែក​ម៉ោង​ពេល​បំបៅ​ដោះ​កូន​ជាពីរ​ដោយ​អាច​ព្រឹក​៣០​នាទី និង​រសៀល​៣០​នាទី ដោយ​មាន​ការ​ឯក​ភាព​ជាមួយ​នឹង​និយោជក​។ ​បើ​សិន​ជា​មិន​មាន​ការ​យល់​ព្រម​ទេ ម៉ោង​ទាំង​នោះ​នឹង​ត្រូវ​យក​ទៅ​ប្រើ​នៅ​ចុង​ម៉ោង​នៃ​ម៉ោង​ធ្វើ​ការ​។​

​អ្នកស្រី​​សុខនី បន្ត​ថា៖ «​ច្បាប់​គឺ​ល្អ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​កម្មករ កម្មការិនី​ភាគ​ច្រើ​ន​ទុក​កូន​នៅ​ជាមួយ​ឪពុក​ម្ដាយនៅ​ឯផ្ទះ ដូច​នេះ​ទើប​ពួក​គេ​អាច​មក​ធ្វើ​ការ​បាន​ស្រួល ពីព្រោះ​ថា​នៅ​រោង​ចក្រ​មិន​មាន​​ទារក​ដ្ឋាន​ទេ»។​

កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​ឲ្យ​អត្រា​បំបៅ​ដោះ​កូន​​ពី​អាយុ​សូន្យ​ខែ ដល់​ប្រាំមួយ​ខែ ឲ្យ​កើន​ឡើង​ដល់​៨៥​ភាគ​រយ​​នៅ​ត្រឹម​ឆ្នាំ​២០៣០​។​

គិត​ពី​ខែ​មករា ឆ្នាំ​២០១៨ ដល់​ខែ​តុលា ឆ្នាំ​២០២៣ កម្មការិនី​ចំនួន​៤០០ ០០០​នាក់​បាន​សម្រាល​កូន។ នេះ​បើតាម​​តាម​វីដេអូ​ឯកសារ​របស់​អង្គការ​សង់ត្រាល់ ដោយ​ផលិត​ផ្អែក​លើ​​របាយការណ៍​មួយ​របស់​ក្រ​សួង​ការងារ​។​

​អង្គការ​សង់ត្រាល់​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​រៀបចំ​ឲ្យ​មាន​ទារក​ដ្ឋាន និង​មតេ្តយ្យ​សហគមន៍ នៅ​ជិត​រោង​ចក្រ ព្រោះ​ថា​ចំនួន​កម្មករ​ជា​ស្រ្តី​មាន​ច្រើន ដូច​នេះ​វា​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្មករ​សម្រាប់​រយៈពេល​វែង ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។​

ក្នុង​ជំនួប​ជាមួយ​កម្មករកាត់ដេរ​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ឲ្យ​ក្រ​សួង​ការងារ និង​ក្រសួង​ផ្សេង​ទៀត​រៀបចំ​ផែន​ការ​សកម្មភាព​សម្រាប់​ពីរ​ឆ្នាំ​បន្ទាប់ ដើម្បី​បង្កើត​ទារកដ្ឋាន និង​មតេ្តយ្យសហគមន៍​នៅ​តំបន់​ឧស្សាហកម្ម​។​

មន្ត្រី​ទំនាក់​ទំនង​របស់​អង្គការ​យូណេសេហ្វ លោក ចាន់ ទី បាន​ឆ្លើយ​តប​មក​ខេមបូចា​តាម​អ៊ីម៉ែល​ថា នៅ​កម្ពុជា​ក្នុង​កម្រិត​ថ្នាក់​ជាតិ​អត្រា​បំបៅ​ដោះ​កូន​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ពី​៧៤​ភាគរយ​នៅ​ឆ្នាំ​២០០៥ មក​នៅ​៥០​ភាករយ​នៅ​ឆ្នាំ​២០២២​។​

​ជាចំនួន​គួរ​ឲ្យ​កត់​សម្គាល់ កម្លាំងពល​កម្ម​ជា​ស្រ្តី​មាន​ការ​កើន​ឡើង​ និង​មាន​ប្រហែល​ជា​៧០​ភាគរយ​មាន​អាយុ​​១៥​ឆ្នាំ​ឡើង​។​ ហេតុ​នេះ ការមាន​បរិយាកាស​ល្អ​សម្រាប់​គាំទ្រ​ដល់​ការ​បំបៅ​ដោះកូន​គឺ​ជា​រឿង​ចាំ​បាច់​។​

លោក​សរសេរ​ទៀត​ថា៖ «​ទាំងអង្គការ​យូនីសេហ្វ អង្គការ​ទស្សនៈពិភព​លោក និង​ដៃគូអភិវឌ្ឍន៍​ផ្សេង​ទៀត បាន​សហការ​ជាមួយ​រដ្ឋាភិបាល​​ដោយ​ផ្ដោត​លើការ​កែប្រែ​គោលនយោបាយ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​​ការ​ចូល​រួម​របស់​សហគមន៍​ដើម្បី​បង្កើន​ការបំបៅ​ដោះ ក៏​ដូ​ចជា​ការបង្កើន​សុខុមាលភាព​ម្ដាយ និង​ទារក»៕

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...