អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ជនភៀសខ្លួន​២​នាក់​បន្ថែម​ទៀត​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន

08
កុម្ភៈ

អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ជនភៀសខ្លួន​២​នាក់​បន្ថែម​ទៀត​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន

ប្រភព៖ វិទ្យុអាស៊ីសេរី

 

អាជ្ញាធរ​ថៃ​បាន​ដោះលែង​ពលករ​ខ្មែរ​ម្នាក់ និង​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​២​នាក់​ទៅ​ឃុំខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ទីក្រុង​បាងកក នៅ​យប់​ថ្ងៃ​ទី៦ កុម្ភៈ។ ជាមួយ​គ្នា​នេះ​ជនភៀសខ្លួន​ខ្មែរ​មួយ​ចំនួន​ទៀត​បាន​គេច​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព​ដោយ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ពួកគេ​បញ្ជូន​ទៅ​កម្ពុជា​វិញ។

អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​២​នាក់​ដែល​ទើប​ចាប់ខ្លួន​រួមមាន លោក ឆន សុឃឿន និង​លោក ឆន ចន្នី ទៅ​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​របស់​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​នៅ​ទីក្រុង​បាងកក​ភ្លាមៗ ក្រោយ​ពេល​ចាប់​ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ស្នាក់​នៅ​ប្រទេស​ថៃ​ខុសច្បាប់។

មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ម៉េង សុធារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃទី​៦ កុម្ភៈ ថា អាជ្ញាធរ​ថៃ​ដោះលែង​ពលករ​ខ្មែរ​ម្នាក់​វិញ ដោយសារ​ពលករ​រូប​នេះ​មាន​ឯកសារ​ធ្វើ​ការងារ​ស្របច្បាប់។ លោក​បន្ត​ថា នៅ​ពេល​នេះ​ជនភៀសខ្លួន​ដទៃទៀត​បាន​គេច​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព ដោយសារ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ពួកគេ​បញ្ជូន​ទៅ​កម្ពុជា​វិញ។

លោក ម៉េង សុធារ៉ា៖ «យើង​ដឹង​ហើយ ការ​តាម​ចាប់ និង​ការ​សហការ​ពី​អាជ្ញាធរ វា​មាន​គ្រប់​រូបភាព​ជាច្រើន បើសិនជា​អាជ្ញាធរ​ចាប់​បាន​គឺ​គ្រាន់តែ​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​អាជ្ញាធរ​ខ្មែរ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ គឺ​ត្រូវតែ​បញ្ជូន​ទៅ​ស្រុក​ខ្មែរ ដោយ​អត់​មាន​អង្គការ​សហប្រជាជាតិ​អី​ដឹង​លឺ​ទេ។ មុន​នឹង​ទៅ​ដល់​ស្រុក​ខ្មែរ ក៏​មាន​ការ​ធ្វើទុក្ខបុកម្នេញ​ដូចជា​ការ​វ៉ៃ​ធ្វើ​ទារុណកម្ម​អី​ជាដើម»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី៦ កុម្ភៈ។

ប៉ុន្តែ​មន្ត្រី​ស្ថានទូត​ខ្មែរ លោក ឈឹម វិបុល សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ស្ទូច​ក៏​បាន​ចាប់​ក៏​បាន បឹង​ធំ​យ៉ាងណា​ក៏​រត់​មិន​រួច​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ជនភៀសខ្លួន​ខ្មែរ​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ពួកគេ​ជា​ជនភៀសខ្លួន​ដែល​គេច​ចេញ​ពី​ការ​តាម​យាយី​របស់​រដ្ឋាភិបាល​ខ្មែរ។

លោក ឌី ថេហូយ៉ា៖ «សូម​អំពាវនាវ​ដល់​អង្គការ​ជាតិ អន្តរជាតិ​ហើយ​នឹង​ប្រទេស​មហា​អំណាច​ធំៗ​លោក​សេរី​នឹង​ធ្វើ​យ៉ាងណា តាម​ឃ្លាំមើល​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ថៃ ហើយ​នឹង​ថ្កោលទោស​ចំពោះ​ការ​អនុវត្ត​ទាំងឡាយ​ណា​ដែល​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។ ជាពិសេស​សិទ្ធិមនុស្ស​ដែល​ជា​សិទ្ធិ សកល​ហ្នឹង ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​ធ្វើទុក្ខបុកម្នេញ​បែប​នេះ ក៏​ត្រូវ​ដាក់​ទណ្ឌកម្ម​ឱ្យ​ស័ក្ដិសម​ទង្វើ​ដែល​រំលោភសិទ្ធិ​មនុស្ស»

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២៣ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ថៃ បាន​ឃាត់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ចំនួន​១៨​នាក់​ហើយ ក្នុង​នោះ​មាន​កុមារ​អាយុ​ក្រោម ៨​ឆ្នាំ ចំនួន​៤​នាក់​ផង​ដែរ។ ចំណែក​ជនភៀសខ្លួន​ម្នាក់​គឺ​លោកស្រី សំ សុខា ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ទី​៣។ បច្ចុប្បន្ន​មាន​ជនភៀសខ្លួន​ខ្មែរ​ជាង​១០០​នាក់​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ធ្វើទុក្ខបុកម្នេញ​ពួកគេ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...