ជនភៀសខ្លួន​នយោបាយ​នៅ​ថៃ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​​លោក ហ៊ុន ម៉ាណែត ជួប​មេដឹកនាំ​ថៃ

10
កុម្ភៈ

ជនភៀសខ្លួន​នយោបាយ​នៅ​ថៃ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​​លោក ហ៊ុន ម៉ាណែត ជួប​មេដឹកនាំ​ថៃ

ប្រភព៖ វិទ្យុអាស៊ីសេរី

មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​បារម្ភ​ថា ក្រោយ​ពី​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) អាជ្ញាធរ​នឹង​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សកម្មជន ឬ​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​។ ការ​លើកឡើង​នេះ ក្រោយ​ពី​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប្រទេស​ទាំងពីរ នឹង​មិន​ឲ្យ​បុគ្គល ឬ​ក្រុម​ណា​យក​ប្រទេស​ខ្លួន​ជាទី​តាំងធ្វើ​ការ​ប្រឆាំង​ជាមួយ​នឹង​ប្រទេស​មួយ​ទៀត​ហើយ។

ប្រធាន​គណៈ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ប្រចាំ​ខេត្ត​ប៉ៃលិន លោក ខឹម មុន្នីកុសល ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៨ កុម្ភៈ ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រើ​កិច្ចប្រជុំ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សកម្មជន​សង្គម និង​នយោបាយ​នៅ​ប្រទេស​ថៃ។ លោក​ថា មក​ទល់​នឹង​ពេលនេះ អាជ្ញាធរ​ថៃ ស្លៀកពាក់​ស៊ីវិល​មួយ​ចំនួន នៅតែ​បន្ត​តាម​ឃ្លាំមើល​លោក​។ លោក​បន្ថែម​ថា ការ​​ព្យាយាម​បំបិទ​សំឡេង​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​នេះ គឺ​ជា​ការ​ទាញ​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​របប​ដឹកនាំ​បែប​កុម្មុយនីស្ត​ផ្ដាច់ការ។

លោក ខឹម មុន្នីកុសល៖ «កុម្មុយនីស្ត​គេ​មិន​ចូលចិត្ត​ឲ្យ​មានការ​សម្ដែង​មតិ គេ​មិន​ចូលចិត្ត​ឲ្យ​មាន​មតិ​ជំទាស់​ទេ ហើយ​ពួកគេ​មិន​គួរ​ព្រួយបារម្ភ​ទេ ពី​ព្រោះ​ពួក​យើង​នៅ​ប្រទេស​ថៃ នៅ​អី​នេះ យើង​គោរព​ច្បាប់​ថៃ​បាន​ខ្ជាប់ខ្ជួន​ណាស់ យើង​មិន​មាន​ពាក្យ​ថា យក​ទឹកដី​ប្រទេស​មួយ​ទៅ​ធ្វើ​អី​មួយ​ទាល់តែ​យើង​មាន​ចលនា មាន​ជា​រចនាសម្ព័ន្ធ របៀប​ប្រដាប់​អាវុធ ហិង្សា​អី​អាហ្នឹង​វា​ជា​គ្រោះថ្នាក់​។ អានេះ​គ្រាន់តែ​ជា​សិទ្ធិ​នយោបាយ ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​យល់​ឃើញ​អំពី​ការ​ដឹកនាំ វា​មិន​ទទួល​បាន​ការគោរព​សិទ្ធិមនុស្ស»

មុន្នីកុសល.jpg
ប្រធាន​គណៈ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ប្រចាំ​ខេត្ត​ប៉ៃលិន លោក ខឹម មុន្នីកុសល (ខាងស្ដាំជាប់ព្រះសង្ឃ) ថតជាមួយពលករ និងជនភៀសខ្លួន កាលពីថ្ងៃទី១៥ តុលា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ខឹម មុន្នីកុសល

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន កាល​ពី​ថ្ងៃទី​៧ កុម្ភៈ បាន​ជជែក​ពី​ទាក់ទង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​វិស័យ​នយោបាយ ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បញ្ហា​ព្រំដែន ព្រមទាំង​លើកឡើង​ពី​ការ​មិន​ផ្ដល់​ទីតាំង​ឲ្យ​បុគ្គល ឬ​ក្រុម​ណា​ប្រើប្រាស់​ទឹកដី​ប្រទេស​ខ្លួន ដើម្បី​ប្រឆាំង​នឹង​ប្រទេស​មួយ​ផ្សេង​ទៀត។ លើស​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​ថែមទាំង​អរគុណ​ដល់​រដ្ឋាភិបាល​ថៃ​ដែរ ដែល​បាន​ចាប់ខ្លួន និង​រារាំង​មិន​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក។

មន្ត្រី​គម្រោង នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន មាន​ប្រសាសន៍​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ដោយ​ការ​គំរាមកំហែង ការ​ប្រើប្រាស់​ហិង្សា និង​ការ​ចាប់​ខ្លួន​ជាដើម។

លោក លឹង សុផុន៖ «ព្រួយបារម្ភ​ហ្នឹង ព្រួយបារម្ភ​ក្នុង​ការ​ធ្វើ​ការ ដែល​ជា​លក្ខណៈ​សង្គម​ស៊ីវិល​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ បាន​យល់​ដឹង​បន្ថែម​នូវ​អ្វី ដែល​ពួកគាត់​មិន​ទាន់​បាន​ដឹង។ អ៊ីចឹង​ក៏​ព្រួយ​បារម្ភ​ដែរ​ខ្លាច​ដូចជា យើង​ធ្វើ​អ្វី​បន្តិច​ក៏​គេ​ចាប់ គេ​គំរាម​កំហែង ។ កន្លង​មក​ខ្ញុំ​ឃើញ​គេ គំរាមកំហែង​ច្រើន​ទាក់ទង​ទៅ​បងប្អូន​ខ្មែរ​យើង ដែល​គាត់​នៅ​ថៃ ហើយ​គាត់​បញ្ចេញមតិ បញ្ចេញ​យោបល់​តាម​ហ្វេសប៊ុក (Facebook) តាម​ផេក (Page) របស់​ពួកគាត់​ហ្នឹង​លើកឡើង​ពី​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​ស្រុក​ខ្មែរ​អីហ្នឹង​ក៏​មាន​ការ​គំរាមកំហែង​តាម​ហ្វេសប៊ុក​អីចឹង​ហា​បាទ ឃើញ​មាន​ច្រើន»

នៅ​មុន និង​អំឡុង​ពេល លោក ហ៊ុន ម៉ាណែត បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ សមត្ថកិច្ច​ថៃ បាន​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ និង​ពលករ​ខ្មែរ ដែល​គាំទ្រ​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់​។ គិត​មក​ដល់​នឹង​ពេលនេះ ពលករ​ខ្មែរ ជនភៀសខ្លួន ប្រពន្ធ និង​កូនៗ​របស់​ជនភៀសខ្លួន​ចំនួន ១៧​នាក់ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ប្រទេស​ថៃ។

ទោះជា​យ៉ាងណា ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) បាន​ស្រង់​សម្ដី​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ថៃ​ថា ជនភៀសខ្លួន ដែល​កំពុង​ជាប់​ឃុំ​ទាំង​នោះ នឹង​បញ្ជូន​ទៅ​ប្រទេស​ទី​៣ ដោយ​មិន​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ​ទេ បន្ទាប់ពី​មាន​ការ​លើកឡើង​ដោយ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​អំពី​ការ​ព្រួយ​បារម្ភ​នៅ​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ខ្មែរ​ទាំង​នោះ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...