សង្គមស៊ីវិល៖ការស្នើឱ្យថៃបញ្ចុះតម្លៃទិដ្ឋការជូនពលករខ្មែរជារឿងវិជ្ជមានតែមិនអាចសម្រាលបន្ទុកបានច្រើនទេ
ប្រភព៖ វាយោ
ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានប្រកាសថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្នើសុំឱ្យរាជរដ្ឋាភិបាលថៃបញ្ចុះតម្លៃទិដ្ឋការជូនពលករខ្មែរ។ ការចេញសារថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជានឹងដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ស្របពេលដែលប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងកំពុងធ្វើការនៅប្រទេសថៃបានថ្លែងអំណរគុណចំពោះប្រមុខរដ្ឋាភិបាលទាក់ទិននឹងរឿងបញ្ចុះតម្លៃទិដ្ឋការបែបនេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានថ្លែងប្រាប់វិទ្យុវាយោថា នេះគឺជារឿងវិជ្ជមានក្នុងការឆ្លើយតបនឹងវិធានការមួយចំនួន ដើម្បីជួយសម្រាលបន្ទុករបស់ពលករខ្មែរនៅប្រទេសថៃ។
សំឡេងលោក ឃុន ថារ៉ូ៖
យ៉ាងណាមិញ លោក ឃុន ថារ៉ូ បានបន្តថា ការស្នើឱ្យថៃបញ្ចុះតម្លៃទិដ្ឋការជូនពលករខ្មែរនៅថៃ តែមួយមុខវាមិនទាន់សម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងពលករខ្មែរនៅថៃបានច្រើនទេ។ លោកថា បើសិនជាអាចរដ្ឋាភិបាលកម្ពុជាគួរតែពិចារណាធ្វើកំណែទម្រង់នៃប្រព័ន្ធក្របខណ្ឌអនុស្សារណៈរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
សំឡេងលោក ឃុន ថារ៉ូ៖
ជាការកត់សម្គាល់ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ តបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕