សង្គមស៊ីវិលនៅតែបារម្ភអំពីសិទ្ធិការងារ ពីព្រោះសិទ្ធិការងារនៅតែមានការរំលោភបំពាននៅឡើយ
ប្រភព៖ ឌឹខេមបូឌាដេលី
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល អះអាងថា លោកនៅតែមានការបារម្ភពីស្ថានភាពក្នុងវិស័យការងារនៅប្រទេសកម្ពុជា ទោះបីជារដ្ឋាភិបាល និងក្រសួងការងារ អះអាងពីការធានាលើកកម្ពស់វិស័យនេះក៏ដោយ ព្រោះថាសិទ្ធិកម្មករនិយោជិតនៅតែរងនូវការរំលោភបំពាន និងសហជីពឯករាជ្យនៅតែរងការយាយីដដែលសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ កុម្ភៈ នេះថា រោងចក្រមួយចំនួនដែលបានបញ្ឈប់បុគ្គលិកពីការងារ មិនបានគោរពលក្ខខណ្ឌ និងច្បាប់ការងារនៅប្រទេសកម្ពុជាទេ ខណៈកម្មករដែលនៅបម្រើការមិនទាន់ត្រូវបានបញ្ឈប់ ត្រូវបានថៅកែរោងចក្របង្ខំឱ្យឈប់សម្រាកពីការងារដោយមិនទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់កំណត់ រួមទាំងត្រូវកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេថែមទៀត។
លោក ឃុន ថារ៉ូ លើកឡើងថា និន្នាការព្យួរការងារ និងបញ្ឈប់ពីការងារ និងការធ្វើទុក្ខបុកម្នេញទៅលើសហជីពឯករាជ្យនៅតាមរោងចក្រ បានផ្ទុះឡើងជាបន្តបន្ទាប់ ខណៈក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត មិនទាន់ដាក់ចេញនូវវិធានការណាមួយដើម្បីដោះស្រាយនូវបញ្ហាដែលកំពុងតែកើតមានទាំងអស់នេះឱ្យមានប្រសិទ្ធភាពនៅឡើយទេ ខណៈកម្មករនិយោជិត និងថ្នាក់ដឹកនាំសហជីពខ្លះ ត្រូវរងនូវការបញ្ឈប់ពីការងារទាំងបង្ខំ និងត្រូវរងនូវការប្តឹងផ្តល់ពីថៅកែក្រុមហ៊ុនជាបន្តបន្ទាប់។
មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ធ្វើកំណែទម្រង់ឡើងវិញដើម្បីធានាឱ្យមានវត្តមានសហជីពឯករាជ្យលើគ្រប់វិស័យ ក្នុងការធានាសិទ្ធិមូលដ្ឋានរបស់កម្មករនិយោជិត ក្នុងនោះក៏ត្រូវរៀបចំឱ្យមានសមាសភាពតំណាងភាគីកម្មករនិយោជិតពិតប្រាកដដែលអាចធានានូវផលប្រយោជន៍របស់កម្មករផងដែរ នោះទើបអាចធានាបាននូវវិស័យការងារមានភាពល្អប្រសើរទៅថ្ងៃមុខបាន។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ១៣ចំណុចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជំរុញវិស័យការងារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការងារ ត្រូវតែខិតខំអនុវត្តឱ្យបានជោគជ័យនូវវិធានការកែទម្រង់ឱ្យឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ត្រូវបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ និងការផ្លាស់ប្ដូរជំនាញដល់កម្មករនិយោជិតដែលកំពុងបំពេញការងារគ្មានជំនាញ ជាដើម។ ជាងនេះទៀត ត្រូវបន្តការយកចិត្តទុកដាក់លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀតផងដែរ។
ស្ថានភាពការងារនៅកម្ពុជាលើគ្រប់វិស័យ ដូចជា វិស័យកាត់ដេរ វិស័យសំណង់ វិស័យសេវាកម្សាន្ត និងវិស័យជាច្រើនទៀត ត្រូវគេមើលឃើញថា មិនមានភាពល្អប្រសើរទេសព្វថ្ងៃនេះ ព្រោះថាការរំលោភសិទ្ធិការងារលើកម្មករនិយោជិត និងការធ្វើទុក្ខបុកម្នេញទៅលើសហជីពឯករាជ្យនៅកន្លែងធ្វើការពីសំណាក់ថៅកែក្រុមហ៊ុន គឺតែងតែកើតមានជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក៏មិនបានដោះស្រាយជូនកម្មកររងគ្រោះទាំងនោះដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា កម្មករនិយោជិតនៅកម្ពុជាមិនត្រឹមតែទទួលប្រាក់ឈ្នួលតិចតួចទេ ថែមទាំងរងនូវការរំលោភសិទ្ធិការងារធ្ងន់ធ្ងរថែមទៀត ដូចជា ការបញ្ឈប់ពីការងារដោយរំលោភច្បាប់ស្ដីពីការងារ ការប្រើលេសកិច្ចសន្យាការងារដើម្បីបញ្ឈប់ថ្នាក់ដឹកនាំ និងសមាជិកសហជីព និងការចោទប្តឹងកម្មករដែលតវ៉ាទាមទាររកយុត្តិធម៌ពីការរំលោភលើសិទ្ធិការងារ ជាដើម។
ជាក់ស្តែង កម្មករនិយោជិតក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានថៅកែក្រុមហ៊ុនរំលោភបំពានសិទ្ធិការងារ បញ្ឈប់ដោយបង្ខំជាង ១ពាន់នាក់កាលពីអំឡុងឆ្នាំ២០២១ កន្លងទៅ មិនត្រូវបានរដ្ឋាភិបាល ឬក្រសួងការងារ ជួយរកយុត្តិធម៌ឱ្យកម្មកររងគ្រោះទេរហូតដល់ពេលនេះ ខណៈថ្នាក់ដឹកនាំ និងសមាជិកសហជីពចំនួន ៩នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគាររហូតដល់សព្វថ្ងៃនេះផងដែរ។
ក្រៅពីរំលោភសិទ្ធិការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ក្រុមហ៊ុនរោងចក្រផ្សេងទៀតក៏មានការរំលោភសិទ្ធិការងារធ្ងន់ធ្ងរដូចគ្នាដែរ ដូចជា ក្រុមហ៊ុន ស្តារឡៃដ៍ និងក្រុមហ៊ុន សេង បូ ជាដើម ក្នុងចេតនារំលាយសហជីពឯករាជ្យ ដោយការបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ ប៉ុន្តែទង្វើរំលោភបំពានច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីពនេះ មិនត្រូវបានក្រសួងការងារ ឬរដ្ឋាភិបាលស្វែងរកយុត្តិធម៌ជូនកម្មកររងគ្រោះទាំងនោះទេ ដែលជាហេតុធ្វើឱ្យថៅកែក្រុមហ៊ុន រោងចក្រ បន្តប្រើអំណាចរំលោភសិទ្ធិការងារលើកម្មករនិយោជិតតាមអំពើចិត្តនៅពេលនេះ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញកាលពីពេលថ្មីៗនេះថា ចាប់តាំងពីឆ្នាំ២០២១ មក មានសកម្មជន និងថ្នាក់ដឹកនាំសហជីពសរុបជាង ១ពាន់នាក់ហើយ (១៥០២នាក់) ដែលកំពុងបម្រើការងារក្នុងចំណោមរោងចក្រជិត ៥០កន្លែង (៤៦កន្លែង) ត្រូវបានបញ្ឈប់ពីការងារដោយខុសនីតិវិធី និងទទួលរងការការធ្វើទុក្ខបុកម្នេញពីថៅកែរោងចក្រ ដោយការគំរាមកំហែងក្នុងទម្រង់រើសអើងសហជីពទាំងនោះ៕