ថ្ងៃនេះ គឺជាថ្ងៃគម្រប់មួយឆ្នាំ ដែលសកម្មជននៃចលនាមាតាធម្មជាតិទាំង ៥ រូប រួមមានកញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួន និងត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារចំនួនពី ៦ ទៅ ៨ ឆ្នាំ ក្រោយពីអ្នកទាំងនោះត្រូវបានតុលាការចោទប្រកាន់ពីបទ “រួមគំនិតក្បត់ប្រឆាំងនឹងរាជរដ្ឋាភិបាល” ហើយសម្រាប់ លាងហ៊ី គឺជាប់ពីបទចោទមួយទៀត គឺបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ ការចោទប្រកាន់នេះបានធ្វើឡើងដោយគ្រាន់តែអ្នកទាំងនោះ សកម្មក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ។
សកម្មជនទាំងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ កាលពីខែកក្កដា ឆ្នាំ ២០២៤ ហើយសំណើសុំនៅក្រៅឃុំរបស់ពួកគេតែងតែត្រូវបានសាលាឧទ្ធរណ៍ និងតុលាការកំពូលបដិសេធ នៅខណៈដែលអ្នកទាំង ៥ កំពុងប្តឹងឧទ្ធរណ៍លើសាលក្រមរបស់សាលាដំបូង ។ កាលពីឆ្នាំមុន យើងខ្ញុំយល់ថាការសម្រេចសេចក្តីនេះ គឺជារឿងដែលគួរឱ្យអាម៉ាស់ ដោយបានបង្ហាញថាសកម្មភាពខ្វាយខ្វល់អំពីព្រៃឈើ ព្រៃកោងកាង ឆ្នេរសមុទ្រ និងបរិស្ថាន បែរជាត្រូវបានគេចោទថាជាសកម្មភាពរួមគំនិតក្បត់ប្រឆាំងនឹងរាជរដ្ឋាភិបាលទៅវិញ ។ សកម្មជនទាំងនេះ គួរតែត្រូវបានដោះលែងជាបន្ទាន់ ហើយបទចោទប្រកាន់ទាំងអស់ គួរតែត្រូវបានទម្លាក់ចោល ។
សកម្មជនទាំង ៥ រូប រួមជាមួយសកម្មជនបរិស្ថានចំនួន ៥ រូបផ្សេងទៀត ដែលត្រូវបានតុលាការផ្តន្ទាទោសដោយកំបាំងមុខ បានធ្វើការងារយ៉ាងច្រើន ដើម្បីការពារធនធានធម្មជាតិសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។ អ្នកទាំងនោះបានធ្វើការងារតស៊ូមតិយ៉ាងសកម្ម និងប្រឈមនឹងហានិភ័យរាប់មិនអស់ ដើម្បីប្រឆាំងទៅនឹងបុគ្គលមានអំណាចមួយចំនួន ដែលកំពុងបំផ្លាញបរិស្ថាន និងធនធានធម្មជាតិរបស់ប្រទេស ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមខ្លួនរបស់បុគ្គលទាំងនោះ ។
សកម្មជនចលនាមាតាធម្មជាតិទាំងអស់ នៅតែរក្សាគោលជំហររឹងមាំ និងការតាំងចិត្តខ្ពស់ ក្នុងការការពារធនធានធម្មជាតិនៅកម្ពុជា ។ ប៉ុន្តែគួរឱ្យស្តាយ ការលះបង់របស់អ្នកទាំងនោះ បែរជាជួបនឹងភាពឈឺចាប់ និងការធ្វើទុក្ខបុកម្នេញទៅវិញ ។ ភ្លាមៗក្រោយពេលប្រកាសសាលក្រម អាជ្ញាធរបានចូលចាប់សកម្មជនបរិស្ថានទាំងនោះ ទាំងកំរោល ដើម្បីយកទៅដាក់ក្នុងពន្ធនាគារដាច់ដោយឡែកពីគ្នា ដែលនៅយ៉ាងឆ្ងាយ រាប់រយគីឡូម៉ែតពីគ្នា និងឆ្ងាយពីក្រុមគ្រួសារ និងមេធាវីរបស់ពួកគេ ។ ទង្វើដែលអមនុស្សធម៌ និងមិនត្រឹមត្រូវនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់ទៅលើវិធាននៃអង្គការសហប្រជាជាតិស្តីពីការទុកដាក់អ្នកទោស ហើយជាការបន្ថែមបន្ទុកដល់ក្រុមគ្រួសារ មេធាវី និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ ។
គួរឱ្យសោកសង្រេង សកម្មជនមួយចំនួន ត្រូវឆ្លងខួបកំណើតរបស់ពួកគេនៅក្នុងពន្ធនាគារ ។ លោក លី ចាន់ដារ៉ាវុត ត្រូវឆ្លងខួបកំណើតអាយុ ២៤ ឆ្នាំ ក្នុងពន្ធនាគារ កញ្ញា ឡុង គន្ធា ឆ្លងខួបកំណើតអាយុ ២៦ ឆ្នាំ និងកញ្ញា ភួន កែវរស្មី ឆ្លងខួបកំណើតអាយុ ២៣ ឆ្នាំ នៅក្នុងពន្ធនាគារ នៅខណៈដែលយុវជនអាយុដូចគ្នានេះ អាចមានឱកាសឆ្លងខួបកំណើតជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ។ ទាំងលោក រដ្ឋា ដែលមានអាយុ ៣២ ឆ្នាំ និងលោក លាងហ៊ី ដែលមានអាយុ ៣៦ ឆ្នាំ សុទ្ធតែមិនអាចមើលឃើញការចាប់កំណើតរបស់កូនស្រីរបស់ពួកគេ ដោយសារតែការជាប់ក្នុងពន្ធនាគារ ។ នៅពេលដែលកូនៗរបស់អ្នកទាំងនោះ ចម្រើនវ័យធំធាត់ ដោយមិនមានវត្តមានរបស់អ្នកទាំងនោះនៅក្បែរ យើងខ្ញុំសង្ឃឹមថានៅថ្ងៃណាមួយ កូនៗទាំងនោះ នឹងយល់ថាការលះបង់របស់ឪពុករបស់ពួកគេ គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន និងដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានភាពប្រសើរឡើង សម្រាប់ពួកគេ និងកុមារកម្ពុជាទូទាំងប្រទេស ។
យើងខ្ញុំសង្ឃឹមថា សកម្មជនទាំងនោះនឹងទទួលបានយុត្តិធម៌ឆាប់ៗនេះ ។ ឱកាសនៅតែមានសម្រាប់ដៃគូក្នុងប្រទេស និងក្រៅប្រទេស ដែលនៅតែបារម្ភអំពីបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា ជួយនិយាយ និងជួយជំរុញដល់រាជរដ្ឋាភិបាល សូមឱ្យទម្លាក់ចោលបទចោទទាំងនោះ និងដោះលែងសកម្មជនបរិស្ថានឱ្យមានសេរីភាព ។ សាលាឧទ្ធរណ៍បានពន្យារពេលសវនាការលើសំណុំរឿងរបស់ពួកគេ ដោយឥតកំណត់ពេល កាលពីចុងខែមិថុនា ។ យើងខ្ញុំអំពាវនាវដល់សាលាឧទ្ធរណ៍ភ្នំពេញ សូមឱ្យពន្លឿននីតិវិធី និងផ្តល់នូវការជំនុំជម្រះប្រកបដោយយុត្តិធម៌ និងឯករាជ្យ ដើម្បីផ្តល់នូវភាពស្អាតស្អំ និងសិទិ្ធសេរីភាពដល់សកម្មជនទាំងនោះត្រឡប់មកវិញ ។
សកម្មជនទាំងនោះ មិនគួរត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារនោះឡើយ ។ យុវជន និងយុវនារីសកម្មជនបរិស្ថានទាំងនោះ មិនបានបង្កគ្រោះថ្នាក់ណាមួយដល់រាជរដ្ឋាភិបាលនោះទេ ។ ប្រសិនបើរាជរដ្ឋាភិបាលចង់បង្ហាញចេតនា ចង់ការពារបរិស្ថាន និងធនធានធម្មជាតិមែន ពួកគេគួរតែផ្តល់តម្លៃ និងលើកតម្កើងដល់ការងាររបស់សកម្មជននៃចលនាមាតាធម្មជាតិ ហើយបញ្ឈប់ការដាក់ទណ្ឌកម្មបែបឃោរឃៅទៅលើភាពសកម្មនិយមរបស់អ្នកទាំងនោះ ។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
- សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ធំ (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍អមលាំង (កំពង់ស្ពឺ)
- សហគមន៍បឹងពីរ (បាត់ដំបង)
- សហគមន៍បឹងប្រាំ (បាត់ដំបង)
- សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- សមាគមបណ្តាញយុវជនកម្ពុជា (CYN)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- អង្គការសមធម៌កម្ពុជា (EC)
- សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
- សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ ខេត្តព្រះវិហារ
- សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
- សហគមន៍ដីធ្លី (ប៉ៃលិន)
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- មាតាធម្មជាតិកម្ពុជា (MNC)
- សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (ព្រៃឈើ)
- សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
- អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- សហគមន៍ពង្រកជ័យល័ក្ខ (កំពត
- សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
- បណ្តាញសហគមន៍ព្រៃឡង់
- សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
- សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
- សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ(ព្រះវិហារ)
- អង្គការសមាគមធាងត្នោត (ស.ធ.ត)
- សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
- សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)