ពលករ​ខ្មែរ​មួយចំនួន​រស់នៅ​​កូរ៉េខាងត្បូង​ខុស​ច្បាប់ ​ប្រឈម​នឹង​បញ្ហា​លំបាក​ជាច្រើន

19
មិថុនា

ពលករ​ខ្មែរ​មួយចំនួន​រស់នៅ​​កូរ៉េខាងត្បូង​ខុស​ច្បាប់ ​ប្រឈម​នឹង​បញ្ហា​លំបាក​ជាច្រើន

ពលករ​ខ្មែរ​មួយចំនួន​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​ដោយ​ខុសច្បាប់ កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​ជាច្រើន ដូចជា ការស្វែងរក​ការងារ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ជីវភាព​ខ្វះខាត និង​ការ​តាម​ចាប់ខ្លួន​ពី​អាជ្ញាធរ​កូរ៉េ។ ពួកគាត់​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​ក្លាយជា​ពលករ​រស់នៅ​ខុសច្បាប់​បែបនេះ គឺ​ដោយសារតែ​ថៅកែ​ជនជាតិ​កូរ៉េ​ធ្វើបាប និង​រំលោភសិទ្ធិ​ការងារ ដូច្នេះ​ពួកគាត់​បង្ខំចិត្ត​រត់ចេញ​ពី​កន្លែង​ការងារ​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ការងារ យល់​ឃើញ​ថា មន្ត្រី​ស្ថានទូត​គួរតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ដើម្បី​ធានា​ដល់​ការរស់នៅ​ដល់​ពលករ​ខ្មែរ។

ថ្ងៃ​ចុង​សប្ដាហ៍​មាន​ពលករ​មួយចំនួន​សម្រាក​ពី​ការងារ រីករាយ​ជាមួយ​មិត្ត​ភ័ក្ដិ​ក្រុម​គ្រួសារ និង​អ្នក​ខ្លះទៀត​កំពុងធ្វើការ​ថែម​ម៉ោង​ ដើម្បី​ទទួល​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ទិដ្ឋភាព​នៅ​រដូវក្ដៅ​ប្រទេស​កូរ៉េខាងត្បូង​មិន​ខុសគ្នា​ពី​កម្ពុជា​នោះ​ទេ ដែល​រដូវក្ដៅ​គឺ​មាន​សីតុណ្ហភាព​ចន្លោះ​ពី ៣៤​អង្សា ដល់ ៣៧​អង្សា ដែល​ពលករ​ខ្មែរ​មួយចំនួន​កំពុង​មមាញឹក​ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​មាន​ដំណាំ​ចម្រុះ​ជាច្រើន​ប្រភេទ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​មមាញឹក​នេះ ពលករ​ខ្មែរ​មួយចំនួន​រស់នៅ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​កូរ៉េ​ជួប​ជីវភាព​ខ្វះខាត​ព្រោះ​គ្មាន​ការងារ​ធ្វើ និង​ប្រឈម​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​កូរ៉េ​ដោយសារ​ពួកគាត់​បាន​រត់​ចេញពី​កន្លែង​ការងារ​ដោយ​ពុំ​ទាន់​បញ្ចប់​កិច្ចសន្យា។

ពលការិនី​ធ្វើ​ការងារ​នៅ​កូរ៉េ​រយៈពេល​៣​ឆ្នាំ​ផ្នែក​កសិឧស្សាហកម្ម កញ្ញា ហួន គន្ធា បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​នៃ​ការរស់នៅ​ដោយ​ខុសច្បាប់​ក្នុង​ប្រទេស​កូរ៉េ​ថា ដោយសារតែ​ថៅកែ​ជនជាតិ​កូរ៉េ បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ធ្វើការ​លើស​ម៉ោង​គ្មាន​ថ្ងៃ​ឈប់សម្រាក​ត្រឹមត្រូវ និង​ទទួល​បាន​ប្រាក់ខែ​តិចតួច និង​ការរំលោភ​សិទ្ធិ​ការងារ។ កញ្ញា​បន្ត​ថា កញ្ញា​ត្រូវ​រក​ការងារ​ក្រៅ​ម៉ោង​ធ្វើ​បន្ថែម​ដោយសារ តែ​ប្រាក់ខែ​ទាប​មិនអាច​ទ្រទ្រង់​ជីវភាព​គ្រួ​សារបាន​គ្រប់គ្រាន់​។ លើស​ពី​នេះ​ស្ត្រី​មួយចំនួន​ត្រូវ​បាន​ថៅកែ​កូរ៉េ​រំលោភបំពាន​រាងកាយ​រហូតដល់​មាន​ផ្ទៃពោះ និង​បង្ខំ​ឱ្យ​រំលូត​កូន​ចេញ​ក៏​មាន បញ្ហា​ទាំងអស់​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​មួយចំនួន​មិនអាច​ស៊ូទ្រាំ​ក៏​សម្រេចចិត្ត​រត់ចេញ​ពី​កន្លែង​ធ្វើ​ការងារ។

កញ្ញា ហួន គន្ធា៖ «ឃើញ​គឺ​អត់​ច្រើន​ករណី​ទេ ទាល់តែ​របស់​ហ្នឹង​គឺ​ជា​គេ​ផុស​ក្ដុងក្ដាំង​ខ្លាំង​ទើប​ចុះ​អន្តរាគមន៍​ចំពោះ​ស្ថានទូត នៅ​ស្រុក​ខ្មែរ​ចំពោះ​ល្មម​យើង​ត្រូវ​ដោះស្រាយ អ្នកខ្លះ​ទៅ​គឺ​គាត់​ពិបាក​ណាស់​ដោយសារ​ពួកគាត់​អត់​ចេះ​កូរ៉េ​ត្រូវ​ជួល​មេធាវី ត្រូវ​ជួល​អ្នកបកប្រែ​ហើយ​ខ្មែរ​យើង​ខ្មែរ​ស្រឡាញ់​ខ្មែរ​ណាស់​ប៉ុន្តែ​ករណី​បកប្រែ​តែមួយ​ម៉ាត់​ពីរ​ម៉ាត់​ទារ​លុយ​គ្នា​រាប់​រយ​ដុល្លារ ប៉ុន្តែ​ករណី​នៅ​ស្ថានទូត​ទាល់តែ​ករណី​ហ្នឹង​យើង​ផុស​ក្ឌុង​ក្ឌាំង​ពេញ​ហ្នឹង»

កញ្ញា ហួន គន្ធា បញ្ជាក់​ថា ច្បាប់​ការងារ​នៅ​ប្រទេស​កូរ៉េ​ នៅពេល​ពលករ​រត់ចេញ​ពី​កន្លែង​ការងារ​ ដោយ​មិនទាន់​បញ្ចប់​កិច្ចសន្យា ពួកគាត់​នឹង​ក្លាយជា​ពលករ​ខុសច្បាប់​គ្មាន​សិទ្ធិ​វិលត្រឡប់​ទៅ​ប្រទេស​ស្រុកកំណើត​វិញ​ឡើយ​។ កញ្ញា​បន្ត​ថា កញ្ញា​មាន​បញ្ហា​សុខភាព​ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ក្ដៅ​ខ្លាំង​នៅ​រដូវក្ដៅ ធ្វើ​ឱ្យ​ចង្កេះ ម្រាមដៃ ឡើង​ហើម​ឈឺ​ចុកចាប់​ខ្លាំង ហើយ​បញ្ហា​នេះ ធ្វើ​ឱ្យ​ជនបរទេស​ម្នាក់​ដែល​ធ្វើការ​ជាមួយ​កញ្ញា កាត់​ដៃ​ម្ខាង​ចោល​ទៀត​ផង ដោយសារ​ឆ្លង​មេរោគ។

ដោយឡែក​ពលករ​កូរ៉េ​ធ្វើការ​នៅ​ខេត្ត​កា្វងជូ​ធំ (Gwangju) លោក នួន កែវស៊ីដា ថ្លែង​ថា លោក​ជា​ពលករ​ខុសច្បាប់​ ដោយសារ​លោក​រត់​ចេញពី​កន្លែង​ការងារ​ពីព្រោះ លោក​រង​សម្ពាធ​ច្រើន​កំឡុង​ពេល​ធ្វើ​ការងារ និង​កន្លែង​រស់នៅ​តូច​ចង្អៀត​គ្មាន​អនាម័យ។ លោក​បន្ត​ថា លោក​ជួប​ផលវិបាក​ច្រើន​ក្នុង​ជីវភាព​រស់នៅ​រយៈពេល​ ១០​ឆ្នាំ​មកនេះ គឺ​ត្រូវ​រត់គេច​ពី​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ពេល​អាជ្ញាធរ​កូរ៉េ​ចុះ​មក​ត្រួតពិនិត្យ​កន្លែង​ធ្វើ​ការ ​រស់នៅ​លាក់​ពួន​ដូចជា​អ្នកទោស និង​គ្មាន​សិទ្ធិ​ដើរហើរ​ដោយ​សេរី​នោះ​ទេ ជាពិសេស ​ត្រូវ​ត្បិតត្បៀត​ក្នុង​ការ​ចាយវាយ​ថែមទៀត។

លោក នួន កែវស៊ីដា៖ «ពេល​មួយ​នោះ​គឺ​ ខ្ញុំ​កំពុងតែ​ធ្វើការ​មេការ​ឱ្យ​ខ្ញុំ​រត់​ទៅ​ក្នុង​បន្ទប់​មួយ​សំងំ​ឱ្យ​ស្ងៀម​ ពីព្រោះ​ប៉ូលិស​គេ​ចូល​មក​ឆែក​មាន ព្រោះ​យើង​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​អ៊ីចឹង​ហើយ​គឺ​រង​ហានិភ័យ​ច្រើនណាស់​មិន​ថានៅក្នុង​រោងចក្រ​ មិន​ថា​នៅ​ទី​សាធារណៈ ឬក៏​ផ្សារ ឬក៏​កន្លែង​យើង​ដើរ​កម្សាន្ត​អាច​មាន​រង​ហានិភ័យ​។ បងៗ ​ប៉ូលិស​យើង​ដើរមក​ឆែក​ជួនកាល​ឃាត់​ងាយ​រង​នូវ​បញ្ហា​ហ្នឹង​ច្រើន​ដែរ»

លោក នួន កែវស៊ីដា ថា លោក​ចង់​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​ពីព្រោះ​នឹក​ផ្ទះ និង​បងប្អូន​ឪពុកម្ដាយ ប៉ុន្តែ​ដោយសារ​ពេល​ត្រឡប់​ទៅវិញ មិនដឹង​រក​ការងារ​អ្វី​ធ្វើ ម្យ៉ាង​គ្រួសារ​ក៏​មាន​ជីវភាព​ខ្វះ​ខាត ហើយ​កម្ពុជា​ក៏​ពុំ​មាន​ទីផ្សារ​ការងារ។

កត្តា​ដែល​ជំរុញ​ឱ្យ​ពលករ​ខ្មែរ​ចំណាកស្រុក​មក​ប្រទេស​កូរ៉េ ​ដើម្បី​រក​ការងារ​ធ្វើ គឺ​ជីវភាព​ខ្វះខាត ធ្វើស្រែ​ចម្ការ​បាន​ផល​តែ​គ្មាន​ទីផ្សារ គ្មាន​ការងារ​ក្នុងស្រុក និង​ជំពាក់​បំណុល​ធនាគារ​ជាដើម​។​

ក្រៅពី​ធ្វើការ​ខុសច្បាប់ ពលករ​ខ្មែរ ក៏​ប្រឈម​នឹង​បញ្ហា​ច្រើនយ៉ាង ដូចជា ​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បង្ខំ​ឱ្យធ្វើ​ការ​ហួសកម្លាំង ប្រើ​ហិង្សា​លើ​រាងកាយ ប្រមាថមើលងាយ និង​បើក​ប្រាក់ខែ​ឱ្យ​មិន​ទៀងទាត់​ជាដើម​។ ពួកគាត់​មិនដែល​បាន​ទទួល​យុត្តិធម៌​នោះ​ទេ នៅពេល​ពួកគាត់​ទៅ​ប្ដឹង​អំពី​ការរំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​កូរ៉េ។ ចំណែកឯ​ស្ថានទូត​ខ្មែរ​មិនដែល​ចុះ​មក​អន្តរាគមន៍​ជួយ​ដោះស្រាយ​ឱ្យ​ពលករ និង​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​រស់នៅ​របស់​ពល​ករ​នោះ​ទេ ហើយ​ជួនកាល​មានការ​រើសអើង​ថែមទៀត ​ប្រសិនបើ​ពលករ​ខ្មែរ​រូប​ណា​គាំទ្រ​សកម្មជន​សង្គម ឬ​គាំទ្រ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១៨ មិថុនា។

ទាក់ទិន​បញ្ហា​នេះ​ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​គួរតែ​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​ពលករ​ដែល​ត្រូវការ​ជំនួយ ហើយ​ប្រសិនបើ​មន្ត្រី​ស្ថានទូត និង​ក្រសួង​ពាក់ព័ន្ធ​មិន​ចុះ​ត្រួតពិនិត្យ​លើ​បញ្ហា​រំលោភសិទ្ធិ​ការងារ​ទេ​អ្នក​ដែល​រងគ្រោះ​គឺ​ពលករ​ខ្មែរ​។ លោក​បន្ត​ថា មន្ត្រី​ស្ថានទូត​គួរតែ​ធ្វើការ​បម្រើ​ពលរដ្ឋ​មិនមែន​បម្រើ​បក្ស​នោះ​ទេ បើ​ទោះ​បី​ជា​ពលករ​គាំទ្រ​គណបក្ស​ណា​នោះ​គឺជា​សិទ្ធិ​របស់​ពួកគាត់​មន្ត្រី​ស្ថានទូត​មិន​ត្រូវ​មានការ​រើសអើង ឬ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ។

លោក ឌី ថេហូយ៉ា៖ «ស្ថានទូត​នៅ​ប្រចាំ​ប្រទេស​កូរ៉េ​ហ្នឹង​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​ទី​១។ ទី​២​ សូម​ធ្វើការ​ជា​អ្នកបម្រើ​រាស្ត្រ​មិនមែន​ធ្វើការ​បម្រើ​និន្នាការ​គណបក្ស​នយោបាយ​ទេ បម្រើ​រាស្ត្រ បម្រើ​ជាតិ។ ​ទី​៣ ធ្វើ​យ៉ាងណា​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ហ្នឹង​ ទទួល​បាន​ភាព​ស្របច្បាប់​ការ​រស់រាន​មាន​ជីវិត​ស្មើមុខស្មើមាត់​ដូច​គេ​ដូច​ឯង ដូច​ប្រទេស​កូរ៉េ»

បើ​ទោះ​ជា​ពលករ​ខ្មែរ​រង​ការរំលោភ​សិទ្ធិ​ការងារ​បែប​ណា​ក្ដី ក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនដែល​ខ្វាយខ្វល់​ពី​សុខទុក្ខ ជួយ​ដោះស្រាយ និង​បង្កើន​ការងារ​នៅក្នុង​ស្រុក​ឡើយ ផ្ទុយ​វិញ លោក ហ៊ុន សែន ថែមទាំង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ថែមទៀត។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ចេអ៊ីន (Moon Jae-In) លោក ហ៊ុន សែន បែរជា​ស្នើ​ឱ្យ​កូរ៉េ​បន្ត​បង្កើន​ចំនួន​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​បន្ថែម​ទៀត។ លោក ហ៊ុន សែន មាន​មោទនភាព ដែល​ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​កូរ៉េ​អាច​រក​ចំណូល​បាន​ខ្ពស់ និង​បង្កើន​ចំណូល​ជាតិ ប៉ុន្តែ លោក ហ៊ុន សែន ភ្លេច​គិតថា ពលករ​ខ្មែរ​មួយចំនួន​កំពុង​រងទុក្ខ​វេទនា​ដោយសារ​ការរំលោភ​សិទ្ធិ​ការងារ​ពី​ថៅកែ​ជនជាតិ​កូរ៉េ និង​ការ​មិន​អើពើ​ជួយ​ដោះស្រាយ​ពី​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​ពលករ​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​បង្កើន​ការងារ​នៅក្នុង​ស្រុក និង​រក​ទីផ្សារ​លក់​ចេញ​កសិផល​ ដើម្បី​ឱ្យ​ពួកគាត់​អាច​មាន​ឱកាស​ធ្វើការ​នៅក្នុង​ស្រុក​ដោយ​ពុំ​បាច់​ចំណាកស្រុក​ ហើយ​រង​ការ​មើល​ងាយ និង​រំលោភសិទ្ធិ​ការងារ​ពី​ថៅកែ​បរទេស៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...