សេចក្តីប្រកាសរួម
ទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០២៦
ការងារមានសុវត្ថិភាព ការដឹកជញ្ជូនមានសុវត្ថិភាព ជីវិតរស់នៅមានសុខភាពល្អ៖ បង្កើនឱ្យមានសុខុមាលភាពផ្លូវចិត្ត កន្លែងការងារមានសុវត្ថិភាព និងកិច្ចគាំពារសង្គម ដែលគ្របដណ្តប់ទូលំទូលាយសម្រាប់កម្មករនិយោជិតនៅកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦
នៅក្នុងឱកាសនៃទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល រួមមាន អង្គការ សមាគម សហជីព សហព័ន្ធសហជីព និងអង្គការធ្វើការ លើវិស័យសិទ្ធិការងារនៅកម្ពុជា ដែលមានក្នុងបញ្ជីឈ្មោះខាងក្រោមនេះ សូមធ្វើសេចក្តីប្រកាសរួមគ្នាថា កម្មករ និយោជិតគ្រប់រូបមានសិទ្ធិទទួលបានបរិយាកាសការងារដែលមានសុវត្ថិភាព ផាសុកភាព និងប្រកបដោយសេចក្តី ថ្លៃថ្នូរ។ ទិវានេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីរំលឹក និងគោរពដល់កម្មករនិយោជិត ដែលបានរងរបួស មានជំងឺ ឬបាត់បង់ជីវិត ដោយសារលក្ខខណ្ឌការងារពុំមានសុវត្ថិភាព និងមិនល្អប្រសើរ នឹងដើម្បីបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់គ្រោះថ្នាក់ ជំរុញឱ្យមានការទទួលខុសត្រូវ និងផ្តល់នូវយុត្តិធម៌។
នៅប្រទេសកម្ពុជា សុខភាព និងសុវត្ថិភាពការងារ នៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរ និងត្រូវយកចិត្តទុកដាក់ជាបន្ទាន់ ក្នុងវិស័យជាច្រើន រួមមាន វិស័យកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសំណង់ ដឹកជញ្ជូន និងវិស័យ ផលិតកម្មផ្សេងៗទៀត។ សម្រាប់់កម្មករនិយោជិត បញ្ហាសុខភាព និងសុវត្ថិភាពការងារមិនមែនគ្រាន់តែ ជាទ្រីស្តីក្នុងគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាដែលពួកគេប្រឈមក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជាត្រូវស្រូបខ្យល់ដង្ហើមចេញចូលនៅកន្លែងធ្វើការ ត្រូវទ្រាំទ្រនឹងកំដៅក្នុងអំឡុងពេលផលិតកម្ម ត្រូវបរិភោគទឹក ការទទួលបានអនាម័យ ត្រូវប្រើប្រាស់ឧបករណ៍ម៉ាស៊ីន ពួកគេត្រូវប៉ះពាល់សារធាតុគីមី សម្ពាធការងារ ដែលតម្រូវឱ្យបំពេញគ្រប់តាមចំនួន ផលិតកម្មកំណត់ មធ្យោបាយធ្វើដំណើរដឹកជញ្ជូនទៅកាន់កន្លែងធ្វើការ និងភាពតានតឹងអារម្មណ៍ដែលពួកគេ នាំយកទៅក្នុងគ្រួសាររបស់ពួកគេ។
កម្មករនិយោជិតជាច្រើននៅកម្ពុជា នៅតែប្រឈមនឹងលក្ខខណ្ឌការងារដែលមិនមានសុវត្ថិភាព ទាំងនៅ កន្លែងធ្វើការ និងនៅតាមផ្លូវធ្វើដំណើរទៅធ្វើការ។ កម្មករនិយោជិតនៅតែបន្តការរាយការណ៍អំពីបញ្ហាដែលពាក់ព័ន្ធ នឹងប្រព័ន្ធបន្សុទ្ធខ្យល់ត្រជាក់ សម្ពាធកំដៅខ្លាំងហួសហេតុ កង្វះពេលវេលាសម្រាកគ្រប់គ្រាន់ ទឹកបរិភោគមិនគ្រប់ គ្រាន់ ភាពនឿយហត់ពីការងារ ឧបករណ៍ និងម៉ាស៊ីនដែលមិនមានសុវត្ថិភាព កន្លែងផលិតកម្មមានភាពចង្អៀត កម្សោយក្នុងការត្រៀមលក្ខណៈដើម្បីទប់ស្កាត់ក្នុងករណីមានអាសន្ន និងមធ្យោបាយធ្វើដំណើរទៅធ្វើការដែលមាន គ្រោះថ្នាក់។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស នាប៉ុន្មានខែកន្លងមកនេះ យើងមានការព្រួយបារម្ភអំពីករណីកម្មករសន្លប់ដោយសារសម្ពាធកំដៅខ្លាំង បានរំលឹកយើងឱ្យយល់ឃើញថា សុវត្ថិភាពនៅកន្លែង ធ្វើការគឺជាបញ្ហាសំខាន់ដែលមានអាទិភាពខ្ពស់ជាងផលិតកម្ម។ សុវត្ថិភាពនិងសុខភាពនៅកន្លែងធ្វើការ ត្រូវតែត្រូវ បានទទួលស្គាល់ជាសិទ្ធិការងារស្នូលមួយ និងជាបញ្ហាសំខាន់ពាក់ព័ន្ធនឹងជីវិត សុខភាព និងសេចក្តីថ្លៃថ្នូរជាមនុស្ស ។
សម្រាប់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែល ដែលមានប្រមាណ ៨០ ភាគរយជាស្ត្រី សុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយលក្ខខណ្ឌការងារ និងជីវិតរស់នៅ។ ប្រាក់ឈ្នួលទាប ម៉ោងធ្វើការយូរ សម្ពាធផលិតកម្ម ភាពនឿយហត់ អាហារូបត្ថម្ភមិនល្អ ការងារមិនមានស្ថិរភាព និងសំឡេងកម្មករនិយោជិតខ្សោយនៅកន្លែងធ្វើការគ្រប់កម្រិត ទាំងអស់នេះដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិត។ កម្មការិនីប្រាដកណាស់មិន អាចមានសុវត្ថិភាពបានទេ នៅពេលដែលនាងត្រូវបង្ខំឱ្យធ្វើការក្រោមកំដៅខ្លាំង មធ្យោបាយធ្វើដំណើរទៅធ្វើការគ្មានសុវត្ថិភាព គ្មានពេលសម្រាក បារម្ភពីការបាត់បង់ការងារដោយសារការឈឺថ្កាត់ ឬក៏នៅស្ងៀមស្ងាត់ចំពោះការរំលោភបំពានដោយសារការព្យាបាទ។ ដូច្នោះហើយ សុវត្ថិភាពនៅកន្លែងធ្វើការមិនត្រឹមតែត្រូវរាប់បញ្ចូលតែការការ ពារពីគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែរាប់បញ្ចូលទាំងការការពារដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរផ្នែកសង្គមផងដែរ។
យើងខ្ញុំសូមបញ្ជាក់ផងដែរថា ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព គឺជាផ្នែកសំខាន់មួយនៃសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ។ កម្មករនិយោជិតជាច្រើនត្រូវធ្វើដំណើរចម្ងាយឆ្ងាយ ដោយប្រើប្រាស់រថយន្តដឹក ជញ្ជូនដែលមានភាពចង្អៀតណែន ដូចជា រថយន្តដឹកទំនិញ រថយន្តសណ្តោងរម៉ក រថយន្តដឹកអ្នកដំណើរធុនតូច ឬយានយន្តផ្សេងៗទៀតដែលមិនមានសុវត្ថិភាព ដើម្បីទៅដល់រោងចក្រ និងកន្លែងធ្វើការ។ ជាញឹកញាប់ប្រឈម មុខនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលធ្វើដំណើរ បណ្តាលឱ្យមានការរងរបួស ហើយក្នុងករណីខ្លះឈានដល់ ការបាត់បង់ជីវិតក៏មាន។ កន្លែងធ្វើការដែលមានសុវត្ថិភាព ត្រូវចាប់ផ្តើមតាំងពីការធ្វើដំណើរទៅធ្វើការ និងបន្តក្នុងរយៈពេញមួយថ្ងៃធ្វើការរហូតដល់កម្មករនិយោជិតត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។ ច្បាប់ និងគោលនយោបាយ របស់ប្រទេសកម្ពុជា បានទទួលស្គាល់ថា សុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការមិនត្រូវបានកំណត់ត្រឹមតែក្នុង កន្លែងធ្វើការប៉ុណ្ណោះទេ។ ក្នុងច្បាប់ស្តីពីការងារ និងបទបញ្ញត្តិស្តីពីសន្តិសុខសង្គម គ្រោះថ្នាក់ដែលកើតឡើងក្នុង អំឡុងពេលធ្វើដំណើរទៅ និងមកពីកន្លែងធ្វើការ ត្រូវបានចាត់ទុកថាជាហានិភ័យការងារដែលបង្ហាញថាសុវត្ថិភាព របស់កម្មករនិយោជិត ចាប់ផ្តើមតាំងពីការធ្វើដំណើរទៅធ្វើការ និងបន្តរហូតដល់ពួកគេត្រឡប់ទៅផ្ទះវិញដោយ សុវត្ថិភាព។ ទោះជាយ៉ាងណាក្តី ការខ្វះខាតក្នុងការអនុវត្ត មានន័យថា ការការពារនេះមិនទាន់ត្រូវបានអនុវត្ត បានពេញលេញនៅក្នុងការអនុវត្តជាក់ស្តែងនៅឡើយទេ។
យើងខ្ញុំមានការព្រួយបារម្ភផងដែរថា សុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការជាញឹកញាប់ត្រូវបានយកចិត្តទុកដាក់ក្នុងវិសាលភាពតូចចង្អៀត។ សុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការត្រូវតែរួមបញ្ចូល៖ អគារដែល មានសុវត្ថិភាព ឧបករណ៍ និងម៉ាស៊ីនដែលមានសុវត្ថិភាព ការការពារពីគ្រោះថ្នាក់អគ្គីភ័យ ប្រព័ន្ធខ្យល់ចេញចូលល្អ ការការពារពីកំដៅ ការផ្តល់ទឹកស្អាតគ្រប់គ្រាន់ មានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងមានអនាម័យ អាហារដ្ឋានដែល មានអនាម័យ ការការពារពីសារធាតុគ្រោះថ្នាក់ ការដឹកជញ្ជូនដែលមានសុវត្ថិភាព ការការពារស្ត្រីមានផ្ទៃពោះ សុខុមាលភាពផ្លូវចិត្ត និងមិនមានការរំលោភបំពាន និងអំពើហិង្សានៅកន្លែងធ្វើការ។ ទោះបីជាមានវិធានការតាម ច្បាប់ និងគោលនយោបាយក្តី ការអនុវត្តនៅកម្រិតមូលដ្ឋាន នៅតែមានកម្រិត មិនស៊ីសង្វាក់គ្នា ឬមិនទាន់មាន ប្រសិទ្ធភាពពេញលេញនៅក្នុងរោងចក្រនិងសហគ្រាសជាច្រើន។ ក្នុងការអនុវត្តជាក់ស្តែង កម្មករនិយោជិតជាច្រើន នៅតែបន្តប្រឈមនឹងលក្ខខណ្ឌការងារដែលមិនមានសុវត្ថិភាព និងមិនមានសុខភាពល្អក្នុងជីវិតរស់នៅ ការងារ ប្រចាំថ្ងៃ រួមមាន កំដៅខ្លាំងហួសហេតុ ការខ្វះខ្យល់ចេញចូលល្អ កង្វះទឹកស្អាតបរិភោគ ប្រព័ន្ធអនាម័យមិនល្អ ឧបករណ៍និងម៉ាស៊ីនដែលមិនមានសុវត្ថិភាព ការខ្វះឧបករណ៍ការពារគ្រប់គ្រាន់ សម្ពាធផលិតកម្មខ្ពស់ និងលក្ខ ខណ្ឌធ្វើដំណើរទៅធ្វើការដែលមានគ្រោះថ្នាក់។ របកគំហើញថ្មីៗពីការត្រួតពិនិត្យអនុលោមភាពច្បាប់នៃកម្មវិធីរោង ចក្រកាន់តែប្រសើរប្រចាំកម្ពុជា (Better Factories Cambodia) បង្ហាញថា បញ្ហាសំខាន់ៗពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការនៅកើតមានជាច្រើនក្នុងការអនុវត្ត។
យើងខ្ញុំសូមទទួលស្គាល់ថា កម្ពុជាបានបង្កើតឡើងនូវក្របខណ្ឌច្បាប់ និងគោលនយោបាយជាតិសំខាន់ៗ ស្តីពីសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ រួមមាន ច្បាប់ស្តីពីការងារ ប្រកាសដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រព័ន្ធត្រួតពិនិត្យការងារ ការការពារករណីរងរបួសគ្រោះថ្នាក់ការងារតាមរយៈបេឡា ជាតិរបបសន្តិសុខសង្គម និងដំណើរការរៀបចំផែនការជាតិស្តីពីសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ។ ទាំងនេះ គឺជាការប្តេជ្ញាចិត្តដ៏សំខាន់ ហើយគួរត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣–២០២៧ បានបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការធានាឱ្យមានលក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងសុខ ភាព សម្រាប់កម្មករនិយោជិតគ្រប់វិស័យ រួមទាំងអ្នកធ្វើការនៅក្នុងវិស័យក្រៅប្រព័ន្ធ និងការងារដែលមានហានី ភ័យខ្ពស់។ ផែនការនេះផ្តោតសំខាន់លើការពង្រឹងប្រព័ន្ធការត្រួតពិនិត្យ និងការអនុវត្តច្បាប់ការងារ ការជំរុញកិច្ច សហប្រតិបត្តិការត្រីភាគី និងការសម្របសម្រួលឱ្យស្របតាមស្តង់ដារការងារអន្តរជាតិ។
ទោះបីជាមានវិធានផ្នែកច្បាប់ និងគោលនយោបាយទាំងនេះក៏ដោយ ការអនុវត្តជាក់ស្តែងនៅថ្នាក់មូលដ្ឋាននៅតែមានកម្រិត មិនមានអនុលោមភាព ឬមិនទាន់មានប្រសិទ្ធភាពពេញលេញនៅរោងចក្រ និងសហគ្រាស ជាច្រើន។ នៅក្នុងការអនុវត្តជាក់ស្តែង កម្មករជាច្រើននៅតែប្រឈមនឹងលក្ខខណ្ឌការងារមិនមានសុវត្ថិភាព និងមិនមានសុខភាពល្អ ក្នុងការបំពេញការងារប្រចាំថ្ងៃ រួមមាន ទទួលរងនូវកំដៅខ្ពស់ពេក ខ្វះខ្យល់ចេញចូល គ្រប់គ្រាន់កង្វះទឹកស្អាតសម្រាប់បរិភោគ កង្វះអនាម័យ ម៉ាស៊ីនមិនមានសុវត្ថិភាព ឧបករណ៍ការពារមិនគ្រប់គ្រាន់ សម្ពាធផលិតកម្មខ្ពស់ រងសម្ពាធផ្លូវចិត្តដោយសារប្រាក់ឈ្នួលទាប និងរងការបំពានដោយពាក្យសម្តី និងអំពើហិង្សា និងការរើសអើងទាក់ទងនឹងយេនឌ័រ ដែលបណ្តាលមកពីអំណាចមិនស្មើគ្នា ព្រមទាំងស្ថានភាពធ្វើដំណើរដែល មានគ្រោះថ្នាក់។
ថ្មីៗនេះ ព័ត៌មានបានរាយការថា អគ្គីភ័យនៅរោងចក្រ និងឧបទ្ទវហេតុឧស្សាហកម្ម នៅតែបន្តកើតមាន នៅកម្ពុជា។ ក្នុងអំឡុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ មានករណីអគ្គីភ័យក្នុងរោងចក្រជាច្រើនត្រូវបានរាយការណ៍ នៅរាជធានីភ្នំពេញ និងខេត្តឧស្សាហកម្មសំខាន់ៗ ដែលបណ្តាលឱ្យមានកម្មករនិយោជិតរងរបួស ហើយក្នុង ករណីខ្លះ ឈានដល់ការបាត់បង់ជីវិតទៀតផង។ ឧបទ្ទវហេតុទាំងនេះ បង្ហាញឱ្យឃើញថា នៅតែមានចន្លោះ ប្រហោងជាបន្តបន្ទាប់ក្នុងការទប់ស្កាត់អគ្គីភ័យ ការត្រៀមខ្លួនទប់ស្កាត់ក្នុងគ្រាមានអាសន្ន និងការអនុវត្តច្បាប់ សុវត្ថិភាព នៅកន្លែងធ្វើការ។ របកគំហើញពីការត្រួតពិនិត្យការអនុលោមភាពឆ្នាំ២០២៤ របស់កម្មវិធីរោងចក្រល្អ ប្រសើរកម្ពុជា (Better Factories Cambodia) បង្ហាញថា បញ្ហាប្រឈមធ្ងន់ធ្ងរពាក់ព័ន្ធនឹង សុវត្ថិភាព និងសុខភាព នៅកន្លែងធ្វើការ (OSH) នៅតែរីករាលដាលយ៉ាងទូលំទូលាយក្នុងការអនុវត្តជាក់ស្តែង ដោយមានចន្លោះខ្វះខាតក្នុង ការអនុលោម ច្បាប់ជាបន្តបន្ទាប់ទូទាំងវិស័យ។ ប្រហែលជា ៥០ ភាគរយ នៃរោងចក្រមិនអនុលោមតាម តម្រូវការវាយតម្លៃពីហានិភ័យ ខណៈដែល ៤១ ភាគរយ មិនមានគោលនយោបាយត្រឹមត្រូវស្តីពីសុវត្ថិភាព និង សុខភាពនៅកន្លែងធ្វើការ។
ក្នុងឱកាសទិវាពិភពលោកស្តីពីសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ នេះ យើងខ្ញុំសូមអំពាវនាវដល់រាជ រដ្ឋាភិបាលកម្ពុជា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ និយោជក ម្ចាស់រោងចក្រ និងក្រុមហ៊ុនម៉ាកយីហោ ឱ្យអនុវត្តវិធានការ ជាបន្ទាន់ និងជាក់ស្តែង ដើម្បីការពារកម្មករនិយោជិត ទាំងតាមច្បាប់ និងក្នុងការអនុវត្តជាក់ស្តែង។
យើងខ្ញុំ អង្គការសង្គមស៊ីវិល សហជីព សហព័ន្ធសហជីព និងអង្គការផ្នែកសិទ្ធិការងារ ដែលមាន ក្នុងបញ្ជីឈ្មោះខាងក្រោម សូមអំពាវនាវឱ្យមានមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងបន្ទាន់ចំពោះតម្រូវការរបស់យើង ដូចខាងក្រោម៖
១. ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ
បង្កើនការត្រួតពិនិត្យការងារ ជាប្រចាំ ដោយឯករាជ្យ និងដោយភាពថ្លៃថ្នូរ ជាពិសេសនៅក្នុងវិស័យ និងកន្លែង ធ្វើការដែលមានហានិភ័យខ្ពស់។ នៅពេលរកឃើញមានការរំលោភបំពាន ត្រូវធានាឱ្យមានការដាក់ទណ្ឌកម្ម និងវិធានការកែតម្រូវជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព។
២. ចាត់វិធានការបន្ទាន់ចំពោះភាពតានតឹងដោយសារកំដៅ និងប្រព័ន្ធខ្យល់ចេញចូល
ទាមទារឱ្យរោងចក្រ សហគ្រាស និងកន្លែងធ្វើការទាំងអស់ វាយតម្លៃ និងទប់ស្កាត់ហានិភ័យដែលបណ្ដាលមក ពីកំដៅ តាមរយៈប្រព័ន្ធខ្យល់ចេញចូល វិធានការបន្ថយកំដៅ កន្លែងសម្រាកមានម្លប់ មានទឹកស្អាតបរិភោគ គ្រប់គ្រាន់ មានពេលសម្រាកគ្រប់គ្រាន់ ប្រព័ន្ធឆ្លើយតបបន្ទាន់ និងការកែសម្រួលរបៀបផលិតកម្មក្នុងអំឡុងពេល មានកំដៅខ្លាំងខុសប្រក្រតី។
៣. ធានាការដឹកជញ្ជូនដែលមានសុវត្ថិភាព និងថ្លៃថ្នូរ សម្រាប់កម្មករនិយោជិត
បញ្ឈប់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនមានសុវត្ថិភាព និងមានភាពចង្អៀតសម្រាប់កម្មករនិយោជិត។ ត្រូវកំណត់ និងអនុវត្តស្តង់ដារអប្បបរមាសុវត្ថិភាព សម្រាប់ការដឹកជញ្ជូនកម្មករ រួមមាន ស្ថានភាពយានយន្ត ការរៀបចំកន្លែងអង្គុយ សមត្ថភាពផ្ទុក ភាពទទួលខុសត្រូវរបស់អ្នកបើកបរ និងការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍។
៤. ធានាឱ្យកម្មករនិយោជិតទទួលបានការការពារសុខភាព និងសុខុមាលភាពមូលដ្ឋាននៅកន្លែងធ្វើការ
កន្លែងធ្វើការទាំងអស់ ត្រូវផ្តល់ទឹកផឹកស្អាតសម្រាប់បរិភោគ ប្រព័ន្ធអនាម័យមានស្តង់ដារ កន្លែងសម្រាកគ្រប់គ្រាន់ ជំនួយបឋម ប្រព័ន្ធអាសន្នដែលដំណើរការបានល្អ និងការបញ្ជូនអ្នកធ្វើការទៅទទួលការព្យាបាលយ៉ាងឆាប់រហ័ស នៅពេលមានរបួសគ្រោះថ្នាក់ ឬមិនស្រួល។
៥. ការពារកម្មករនិយោជិតពីការសងសឹក នៅពេលរាយការណ៍អំពីគ្រោះថ្នាក់
កម្មករនិយោជិត ប្រតិភូកម្មករ និងតំណាងសហជីព ត្រូវមានសេរីភាពក្នុងការរាយការណ៍អំពីលក្ខខណ្ឌមិនមាន សុវត្ថិភាព ករណីជិតគ្រោះថ្នាក់ របួស និងបញ្ហាសុខភាព ដោយមិនមានការគំរាមកំហែង ការបណ្តេញចេញ ការរើសអើង ឬសកម្មភាពបំផ្លាញសហជីព។
៦. បង្កើតគណៈកម្មការសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការដែលមានប្រសិទ្ធភាព និងមានការចូលរួម ពីកម្មករនិយោជិត
កម្មករ និងសហជីព ត្រូវមានសិទ្ធិ និងសំឡេងពិតប្រាកដ ក្នុងការកំណត់ហានិភ័យ ត្រួតពិនិត្យលក្ខខណ្ឌការងារ និងបង្កើតវិធានការការពារ។ គណៈកម្មាធិការនេះអាចបំពេញតួនាទីទូលំទូលាយក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដោយហេតុថា បញ្ហានេះទាក់ទងនឹងសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ។
៧. ពង្រីកការការពារសម្រាប់កម្មករិនីជាស្ត្រី និងកម្មករដែលងាយរងហានិភ័យ
វិធានការសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ ត្រូវឆ្លើយតបទៅនឹងបញ្ហាពិតប្រាកដ ដែលកម្មការិនី កម្មករចំណាកស្រុក កម្មករវ័យក្មេង ស្ត្រីមានផ្ទៃពោះ កម្មករមានពិការភាព និងកម្មករនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬការងារដែលមិនមានស្ថិរភាព កំពុងប្រឈមមុខ។ វាត្រូវរួមបញ្ចូលការយកចិត្តទុកដាក់លើ សុខភាពបន្តពូជ អនាម័យ ការរំលោភបំពាន និងការរចនាកន្លែងធ្វើការដែលឆ្លើយតបតាមយេនឌ័រ។
៨. ទទួលស្គាល់សុខភាព និងសុខុមាលភាពផ្លូវចិត្តសង្គម ជាផ្នែកមួយនៃ OSH
ភាពតានតឹង ការងារលើសកម្លាំង ការរំលោភបំពានតាមពាក្យសម្ដី ការគំរាមកំហែង សម្ពាធផលិតកម្ម ការរំខាន និងអំពើហិង្សាដែលមានមូលដ្ឋានលើយេនឌ័រ សុទ្ធតែប៉ះពាល់ដល់សុខភាពរបស់កម្មករ និងនិយោជិត។ កន្លែងធ្វើការដែលមានសុវត្ថិភាព ត្រូវការពារមិនត្រឹមតែសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសុខភាពផ្លូវចិត្ត និងសុខុមាលភាពអារម្មណ៍ផងដែរ។
៩. ធានាការទទួលបានសំណង និងកិច្ចគាំពារសង្គម សម្រាប់កម្មករនិយោជិតដែលរងរបួស និងមានជំងឺ
កម្មករនិយោជិតគ្រប់រូប ដែលរងរបួស ឬឈឺដោយសារការបំពេញការងារនៅកន្លែងធ្វើការ ឬក្នុងអំឡុងពេល ធ្វើដំណើរទៅ និងមកពីកន្លែងធ្វើការ ត្រូវទទួលបានការព្យាបាលទាន់ពេលវេលា ការការពារប្រាក់ចំណូល និងសំណង តាមរយៈប្រព័ន្ធពាក់ព័ន្ធ រួមទាំងគម្រោងការពារករណីរងរបួសការងារ និងការថែទាំសុខភាព។
១០. ទាមទារឱ្យម៉ាកយីហោ និងក្រុមហ៊ុនអ្នកទិញទទួលខុសត្រូវ
ម៉ាកយីហោ និងក្រុមហ៊ុនអ្នកទិញអន្តរជាតិ មិនត្រូវផ្ទេរហានិភ័យទៅឱ្យអ្នកផ្គត់ផ្គង់ និងកម្មករ តាមរយៈតម្លៃមិនយុត្តិធម៌ សម្ពាធផលិតកម្មហួសហេតុ រយៈពេលបញ្ជាទិញខ្លីពេក ឬអនុវត្តន៍ណាដែលបំផ្លាញលក្ខខណ្ឌការងារដែលមានសុវត្ថិភាព។ ការផ្គត់ផ្គង់ដោយមានការទទួលខុសត្រូវ ត្រូវរួមបញ្ចូលការទទួលខុសត្រូវចំពោះសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ និងសហគមន៍របស់ពួកគេ។
១១. ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានកាតព្វកិច្ចត្រូវអនុវត្តស្តីពីសុខភាព និងសុវត្ថិភាពការងារ
ក្រុមហ៊ុនម៉ាកយីហោ និងអ្នកបញ្ជាទិញត្រូវទទួលខុសត្រូវ តាមរយៈការបង្កើត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានកាតព្វកិច្ចត្រូវអនុវត្តស្តីពីសុខភាព និងសុវត្ថិភាព ដើម្បីធានាលក្ខខណ្ឌការងារដែលមានសុវត្ថិភាព ការពារ សិទ្ធិកម្មករនិយោជិត និងធានាការទទួលខុសត្រូវនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់។
នៅថ្ងៃនេះ យើងខ្ញុំសូមបង្ហាញការគាំទ្រឈរនៅជាមួយកម្មករនិយោជិតទូទាំងប្រទេសកម្ពុជាដោយ សាមគ្គីភាព។ យើងសូមគោរព និងផ្តល់គុណតម្លៃជូនដល់កម្មករនិយោជិតដែលបានរងរបួស ឈឺចាប់ និងបាត់ បង់ជីវិត ដោយសារការងារដែលមិនមានសុវត្ថិភាព។ យើងគាំទ្រកម្មករនិយោជិត ដែលនៅតែបន្តលើកសំឡេង របស់ពួកគេ ដើម្បីការពារជីវិតរបស់ខ្លួនធានាលក្ខខណ្ឌការងារប្រកបដោយស្តង់ដារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ខ្លួននៅកន្លែងធ្វើការ។ យើងសូមបញ្ជាក់យ៉ាងច្បាស់ថា កំណើនសេដ្ឋកិច្ច មិនគួរត្រូវបានសម្រេចឡើងដោយ ការធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត រាងកាយ និងសុខុមាលភាពរបស់កម្មករនិយោជិតឡើយ។
បរិយាកាសការងារដែលមានសុវត្ថិភាព និងសុខភាពល្អ មិនមែនជាអភ័យឯកសិទ្ធិទេ។ តែជាសិទ្ធិមូលដ្ឋាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
១. លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់
Singal: + ៨៥៥ ៩៣ ៥៥ ៦៦ ៧១
២. អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា
ទូរស័ព្ទ៖ + ៨៥៥ ១៥ ៧៨៧ ៨៥៧
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម
ទូរស័ព្ទ៖ + ៨៥៥ ១១ ៩៨៤ ៨៨៣
លោក សុខ គីន ប្រធានសហព័ន្ធសហជីព កម្មករសំណង់ និងព្រៃឈើកម្ពុជា
ទូរស័ព្ទ៖ + ៨៥៥ ៨៨៨ ៦០១