រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦
យើងខ្ញុំជាសង្គមស៊ីវិល សមាគម សហជីព សហព័ន្ធដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញនាពេលថ្មីៗនេះ ដែលបានកោះហៅសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ហៅកាត់ថា(LRSU) សាកសួរពីដំណើររឿង “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស”ប្រព្រឹត្តនៅចំនុចក្រុមហ៊ុនណាហ្គាវើលដ៏ បន្ទាប់ពីពួកគេបានចូលរួមធ្វើកូដកម្មដោយអហិង្សា និង សន្តិវិធី។ រយៈពេលជាងបួនឆ្នាំមកនេះ អាជ្ញាធរ និង តុលាការ នៅតែមិនទាន់អាចផ្តល់នូវយុត្តិធម៌ជូនដល់សកម្មជនសហជីពណាហ្គាវើលដ៏នៅឡើយទេ។ តុលាការត្រូវលើកលែងបទចោទប្រកាន់ មកលើថ្នាក់ដឹកនាំ សមាជិកសហជីពណាហ្គាវើលដ៏ទាំងអស់ និងផ្តល់សេរីភាពពេញលេញដល់ពួកគាត់ឡើងវិញ។ ស្ថាប័នពាក់ព័ន្ធគួរងាកមកដោះស្រាយវិវាទការងារដ៏រ៉ាំរ៉ៃនេះ ជាជាងបន្តអូសបន្លាយពេលវេលាដោយរំពឹងថាកម្មករនឹងអស់លទ្ធភាពតវ៉ារួចបោះបង់ចោលការទាមទារយុត្តិធម៌ និងបន្តខិតខំប្រឹងប្រែងធ្វើទុក្ខបុកម្នេញដល់ជនរងគ្រោះ។
ចាប់តាំងពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២២ រាល់ការចេញតវ៉ារបស់កូដករណាហ្គាវើលដ៏ តែងជួបនូវការរារាំងពីសំណាក់កងសន្តិសុខ និងអាជ្ញាធរ ដោយចាប់បង្ខំកូដករដែលភាគច្រើនជាស្រ្តីឡើងឡានក្រុងដឹកទៅទម្លាក់ចោលនៅជាយក្រុង និង ការដាក់ប៉ារ៉ាសបិទផ្លូវមិនឲ្យកូដករអាចទៅឈរតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ជាដើម។ លើសពីនេះ ក្រុមកូដករតែងរងនូវអំពើហិង្សា វាយដំ ទាត់ធាក់ រហូតមានករណីខ្លះធ្វើឲ្យកូដករស្រ្តីម្នាក់បាត់បង់កូនក្នុងផ្ទៃថែមទៀតផង។
កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ តុលាការកំពូលបានប្រកាសសាលដីការបស់ខ្លួន ដោយតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទ ចំនួន០៨រូប ដែលជាថ្នាក់ដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៏។ អ្នកទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនា គាររយៈពេល ពី ១ ឆ្នាំ ដល់ ២ ឆ្នាំ។ កញ្ញា ឈឹម ស៊ីថរ ជាជនជាប់ចោទម្នាក់ប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទទាំងនោះ ដែលត្រូវបង្ខំឲ្យអនុវត្តទោសរយៈពេល ២ ឆ្នាំ ក្នុងពន្ធនាគារ និងទើបទទួលបានសេរីភាពឡើងវិញក្រោយអនុវត្តទោសចប់កាលពីខែកញ្ញា ឆ្នាំ២០២៤។
ក្រៅពីទទួលរងការរំលោភបំពានតាមរយៈប្រព័ន្ធតុលាការ សមាជិក ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៏ក៏ទទួលរងការរំលោភបំពានតាមគ្រប់រូបភាពពីសំណាក់កងសន្តិសុខ និងអាជ្ញាធររាជធានីភ្នំពេញ ដែលរួមមានការរំលោភបំពានលើរូបរាងកាយ ផ្លូវចិត្ត និង ផ្លូវភេទ។ អាជ្ញាធរកន្លងមកធ្លាប់បានឃាត់ខ្លួនកូដករ និងដាក់អ្នកទាំងនោះនៅក្នុងទីតាំងមួយចំនួន ក្រោមហេតុផលអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅខណៈពេលដែលវិធានការទាំងនេះមិនត្រូវបានអនុវត្តលើសកម្មភាពសង្គម ដែលមានការជួបជុំមនុស្សច្រើនជាងការជួបជុំតវ៉ារបស់កម្មករដូចជាការប្រកួតបាល់ទាត់ឡើយ។ សកម្មភាពទាំងនេះ បានបង្ហាញថា អាជ្ញាធរព្យាយាមបំភិតបំភ័យ គំរាមកំហែង រំលោភបំពាន និងធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយអហិង្សា ជាជាងជួយដោះស្រាយបញ្ហាដែលសហជីពកំពុងជួបប្រទះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារល្អប្រសើរ។
យើងខ្ញុំសុំស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់ និង ផ្តល់សេរីភាពពេញលេញដល់ថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏ទាំងអស់ដោយឥតលក្ខខណ្ឌ ដើម្បីអាចឱ្យពួកគេរស់នៅបានដោយមិនមានការភ័យខ្លាចជាប់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ ហើយងាកមកខិតខំប្រឹងប្រែងរកដំណោះស្រាយយុត្តិធម៌ដែលគ្រប់ភាគីអាចទទួលយកបាន ព្រោះនេះជាមធ្យោបាយតែមួយគត់ដើម្បីបិទបញ្ចប់វិវាទការងារមួយនេះ។ អាជ្ញាធរត្រូវគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិត និងឈប់ចាត់ទុកសកម្មភាពអហិង្សារបស់សហជីពជាបទល្មើសព្រហ្មទណ្ឌ។
អង្គការសង្គមស៊ីវិល សមាគម សហជីព សហព័ន្ធចូលរួមគាំទ្រសេចក្តីថ្លែងការណ៍៖
1. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
2. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
3. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
4. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៃកម្ពុជា (ADHOC)
5. មជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
6. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
8. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
9. សហព័ន្ធសហជីពសំណង់ និងព្រៃឈើ (BWTUC)
10. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
11. សមាគមស្រី្តជនបទដើម្បីក្សេត្របរិស្ថាន (RWAA)
12. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
13. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
14. គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
15. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
16. មាតាធម្មជាតិ (MN)
17. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
18. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
19. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា
20. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់ (TEUJB)
21. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារបៃតង និងរីសតភ្នំពេញ (TWUBHRP)
22. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារ សាន់វេ ភ្នំពេញ (TWUSP)
23. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារកាំបូឌីយ៉ាណា(TWUCH)
24. សហជីពកម្មករនិយោជិតក្រុមហ៊ុនអេច.ស៊ី.ស៊ី.គ្រុប (HCCGCEU)
25. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់