សេចក្ដីថ្លែងការណ៍រួម៖ សហគមន៍ជនជាតិដើមភាគតិច​ និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា

អាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមីរ ព.ស. ២៥៧០ (09 សីហា 2026)

សេចក្ដីថ្លែងការណ៍រួម

 

សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្តឹងឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា

 

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦

 

យើងខ្ញុំជាប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច ក្រុមសង្គមស៊ីវិលដែលធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋផ្សេងទៀតដែលបានចូលរួមជាសាមគ្គីភាពជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ។ នាឱកាសទិ​វា​អន្តរ​ជាតិ​ជន​ជាតិ​ដើម​ភាគ​តិចពិ​ភព​លោកនៅថ្ងៃនេះ យើងខ្ញុំសូមអំពាវនាវដល់ ធនាគារពិភពលោក (The World Bank) សូមកែប្រែសេចក្តីសម្រេចរបស់ខ្លួន ដែលបានជំរុញឱ្យមាននិទណ្ឌភាពសម្រាប់ស្ថាប័នខ្លួន ចំពោះផលប៉ះពាល់អវិជ្ជមានដែលបានបង្កឡើងដោយការផ្តល់កម្ចីបែបកេងប្រវ័ញ្ចជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយប្តូរមកវិញ​ ខ្លួនត្រូវតែផ្តល់ដំណោះស្រាយ និងបញ្ឈប់ការរីករាលដាលផលប៉ះពាល់អវិជ្ជមាននៃវិបត្តិមីក្រូហិរញ្ញវត្ថុទៅលើសហគមន៍ជនជាតិដើមភាគតិច ។

 

ប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា កំពុងរស់នៅដោយរងទុក្ខលំបាកយ៉ាងខ្លាំងពីផលប៉ះពាល់អវិជ្ជមាននៃបំណុលមីក្រូហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ ។ កុមារជាច្រើននាក់ មិនអាចបន្តការសិក្សាបាន ។ ក្រុមគ្រួសារជាច្រើន រស់នៅឆ្ងាយពីគ្នា នៅពេលសមាជិកគ្រួសារត្រូវបង្ខំចិត្តចំណាកស្រុករកការងារធ្វើ ។ ម្ហូបអាហារដែលមានលើតុបាយកាន់តែតិច និងមិនសូវមានជីវជាតិគ្រប់គ្រាន់ ដោយសារតែត្រូវសន្សំប្រាក់ទុកសងបំណុល ក្រោមការដាក់សម្ពាធ និងធ្វើទុក្ខបុកម្និញ ពីសំណាក់មន្ត្រីឥណទាន ។

 

វប្បធម៌របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ក៏បានរងនូវផលប៉ះពាល់ដោយសារកម្ចីមីក្រូហិរញ្ញវត្ថុទាំងនេះផងដែរ ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាច្រើន កំពុងជាប់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យអ្នកទាំងនោះ មិនមានលទ្ធភាពចូលរួម ឬរៀបចំពិធីបែបប្រពៃណីជនជាតិដើមភាគតិចមួយចំនួន បានដូចពីអតីតកាលនោះទេ ។ សហគមន៍ជនជាតិដើមភាគតិចជាច្រើន មានឱកាសជួបជុំគ្នាកាន់តែតិចទៅៗ ហើយពិធីបែបប្រពៃណី និងទំនៀមទម្លាប់មួយចំនួន ក៏កាន់តែពិបាកក្នុងការប្រារព្ធឡើង ។

 

ដីធ្លីសហគមន៍ជនជាតិដើមភាគតិច នៅតែស្ថិតក្នុងហានិភ័យដោយសារកម្ចីមីក្រូហិរញ្ញវត្ថុទាំងនេះផងដែរ ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជាច្រើន ផ្តល់ប្រាក់កម្ចីមួយចំនួន ដែលទទួលទ្រព្យធានាជាដីធ្លីត្រួតលើដីសមូហភាពរបស់ជនជាតិដើមភាគតិច ។ គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន មិនបានចុះទៅផ្ទៀងផ្ទាត់ ឬខ្វល់ថាដីធ្លីទាំងនោះជាដីកម្មសិទិ្ធឯកជនរបស់កូនបំណុល ឬជាចំណែកនៃដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនោះទេ និងករណីខ្លះគ្រឹះស្ថានហិរញ្ញវត្ថុ បានដាក់សម្ពាធឱ្យកូនបំណុលលក់ដីនោះដើម្បីបង់សងបំណុលរបស់ខ្លួន នឹងជាញឹកញាប់ត្រូវបានលក់ទៅឱ្យពលរដ្ឋខាងក្រៅ ដែលមិនមែនជាសមាជិកសហគមន៍ជនជាតិដើមភាគតិច ដែលបានបង្កឱ្យកើតមាននូវបញ្ហាជាច្រើនលើដីធ្លីសមូហភាព និងរឹតតែបង្កផលលំបាកដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព  

 

ស្ថានភាពខាងលើនេះកំពុងកើតមានឡើងនៅស្ទើរតែទូទាំងប្រទេស ។ យើងខ្ញុំបានឃើញនៅក្នុងភូមិជាច្រើនដែលយើងខ្ញុំកំពុងរស់នៅ និង/ឬ កំពុងធ្វើការងារជាមួយ ។ ការិយាល័យ​ភាព​អនុលោម​​ទីប្រឹក្សា​​ដោះស្រាយ​វិវាទ​​ (​ស៊ី​អេ​អូ​) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​អាយ​អេហ្វ​ស៊ី​) ក៏បានស៊ើបអង្កេតនឹងរកឃើញពីបញ្ហានេះផងដែរ ។ របាយការណ៍ស៊ើបអង្កេតនៃស្ថាប័នឯករាជ្យមួយនេះ បានរកឃើញថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលទទួលបានការវិនិយោគពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​អាយ​អេហ្វ​ស៊ី​) បានផ្តល់ប្រាក់កម្ចីជាច្រើនដែលមានដាក់ប័ណ្ណកម្មសិទ្ធិដីធ្លីជាទ្រព្យធានាត្រួតលើដីធ្លីជនជាតិដើមភាគតិច ។ របាយការណ៍នោះក៏បានរកឃើញផងដែរថា “មិនមានភស្តុតាងណាមួយដែលបានបង្ហាញថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​អាយ​អេហ្វ​ស៊ី​) បានផ្តល់យោបល់ និងការណែនាំ អំពីវិធីសាស្ត្រ និងដំណើរការក្នុងការកំណត់អត្តសញ្ញាណដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច” ទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការវិនិយោគរបស់ខ្លួននោះទេ ។

 

សេចក្តីសម្រេចរបស់ធនាគារពិភពលោក ដែលបានបដិសេធរបាយការណ៍ខាងលើនេះ គឺជារឿងដ៏គួរឱ្យអាម៉ាស់មួយ ។ គោលនយោបាយការពាររបស់ក្រុមធនាគារពិភពលោក ត្រូវតែត្រូវបានអនុវត្ត ដើម្បីជៀសវាងការ​ប៉ះពាល់​ដល់សហគមន៍ជនជាតិដើមភាគតិច ហើយនេះក៏ជាអ្វីដែលខ្លួនបានបញ្ជាក់កន្លងមកផងដែរ ។ ការបដិសេធនូវរបាយការណ៍ពីការិយាល័យ​ភាព​អនុលោម​​ទីប្រឹក្សា​​ដោះស្រាយ​វិវាទ​(​ស៊ីអេអូ) មានន័យថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(​អាយ​អេហ្វ​ស៊ី​)របស់ធនាគារពិភពលោក នៅតែធានា​ឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនបន្តកើតមានឡើង និងកាន់តែធ្ងន់ធ្ងរមកលើសហគមន៍ជនជាតិដើមភាគតិចទាំងនេះ ។

 

យើងខ្ញុំសូមអំពាវនាវដល់ក្រុមធនាគារពិភពលោក និងសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​អាយ​អេហ្វ​ស៊ី​) ឱ្យមានភាពច្បាស់លាស់ក្នុងការទទួលខុសត្រូវចំពោះការវិនិយោគរបស់ខ្លួន និងអនុវត្តវិធានការដោះស្រាយឱ្យបានត្រឹមត្រូវតាមគោលនយោបាយរបស់ខ្លួន ជាជាងការធ្វើឱ្យខូចខាតលើយន្តការ​គណនេយ្យ​ភាព​ឯករាជ្យ​របស់​ខ្លួន ។ ក្រុមធនាគារពិភពលោក អាចបញ្ជាក់ថាខ្លួនគោរពសិទិ្ធរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាបាន លុះត្រាតែខ្ឡួនទទួលស្គាល់ការរកឃើញ ហើយអនុវត្តតាមអនុសាសន៍ របស់ការិយាល័យ​ភាព​អនុលោម​​ទីប្រឹក្សា​​ដោះស្រាយ​វិវាទ​(​ស៊ីអេអូ)  

 

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ ៖

1.         សហគមន៍ដីធ្លី១៩៧ (កោះកុង)

2.         សហគមន៍អណ្តូងត្របែក (ស្វាយរៀង)

3.         សហគមន៍ បឹង ពីរ (បាត់ដំបង)

4.         សហគមន៍បឹងប្រាំ (បាត់ដំបង)

5.         សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)

6.         អង្គការជនជាតិដើមភាគតិចកម្ពុជា អ.ជ.ក (CIPO)

7.         សមាគមស្ត្រីជនជាតិដើមៅភាគតិចកម្ពុជា ស.ស.ជ. (CIWA)

8.         សហព័ន្ធសហជីពកម្ពុជា (CATU)

9.         មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR)

10.      សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

11.      សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)

12.      មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

13.      សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

14.      សហគមន៍ការពារធនធានធម្មជាតិ (ពោធិ៍សាត់)

15.      សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​)

16.      សហគមន៍ដកពរ (កំពង់ស្ពឺ)

17.      អង្គការ សមធម៌កម្ពុជា (EC)

18.      បណ្តាញសមាជិកសកម្មជនជាតិដើមភាគតិច (IRAM)

19.      សហគមន៍ជនជាតិដើមភាគតិចភូមិអ៊ីន ខេត្តរតនគិរី

20.      សហគមន៍ជនជាតិដើមភាគតិចភូមិកាក់ ខេត្តរតនគិរី

21.      សហគមន៍ជនជាតិដើមភាគតិចភូមិកាំ ខេត្តរតនគិរី

22.      សហគមន៍ជនជាតិដើមភាគតិចភូមិកាណាត ខេត្តរតនគិរី

23.      បណ្តាញកាណាយ៉ាំង (មានជនជាតិដើមភាគតិច ព័រ សួយ ជង និងជុ)

24.      សហគមន៍ឃ្លាំងទឹក ៧៨ (សៀមរាប)

25.      សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ខេត្តព្រះវិហារ)

26.      សហគមន៍ជនជាតិដើមភាគតិចភូមិក្រេះ ខេត្តរតនគិរី

27.      អង្គការកួយហៃ

28.      បណ្ដាញកួយហៃ (ជនជាតិដើមភាគតិចកួយ)

29.      សហគមន៍ដីធ្លី (ប៉ៃលិន)

30.      សហគមន៍ឡពាង (កំពង់ឆ្នាំង)

31.      សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​កម្មករ​ខ្មែរ​ ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (LRSU)

32.      សហគមន៍ជនជាតិដើមភាគតិចភូមិម៉ាលិក ខេត្តរតនគិរី

33.      សហគមន៍ជនជាតិដើមភាគតិចភូមិម៉ាស ខេត្តរតនគិរី

34.      សហគមន៍មានជ័យ (ស្វាយរៀង)

35.      សហគមន៍ការពារធនធានធម្មជាតិ ឧត្តមស្រែពស់ (ព្រៃឈើ)

36.      សហគមន៍ជនជាតិដើមភាគតិចភូមិណាយ ខេត្តរតនគិរី

37.      នទ្រាងក៝ននុយ្ស (ពូនង ស្ទៀង ក្រោល និងម្ហូន)

38.      សហគមន៍ជនជាតិដើមភាគតិចភូមិមុយ ខេត្តរតនគិរី

39.      សហគមន៍អូរបាត់មាត់ (ឧត្តរមានជ័យ)

40.      សហគមន៍ជនជាតិដើមភាគតិចភូមិពែង ខេត្តរតនគិរី

41.      សហគមន៍ភ្នំក្រោម (សៀមរាប)

42.      ភូងវ៉ាង (ចារ៉ាយ និងកាចក់)

43.      អង្គការ ភីខេអេក

44.      សហគមន៍ពង្រកជ័យលក្ខណ៍ (កំពត)

45.      សហគមន៍ព្រៃឈើពេជចង្វាល្អឆើត (កំពង់ឆ្នាំង)

46.      សហគមន៍ព្រៃឡង់កំពង់ធំ

47.      សហគមន៍ព្រៃឡង់ស្ទឹងត្រែង

48.      សហគមន៍ព្រៃឡង់ក្រចេះ

49.      សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)

50.      សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ  (ព្រះវិហារ)

51.      សមាគមធាងត្នោត (STT)

52.      សហគមន៍ដីធ្លី ស្រែប្រាំង (ត្បូងឃ្មុំ)

53.      សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង

54.      សហគមន៍ជនជាតិដើមភាគតិចភូមិតាឡាវ ខេត្តរតនគិរី

55.      សហគមន៍ជនជាតិដើមភាគតិចភូមិតាណង ខេត្តរតនគិរី

56.      បណ្ដាញទំពួន (ជនជាតិដើមភាគតិច ទំពួន)

57.      សហគមន៍ទន្លូង (ត្បូងឃ្មុំ)

58.      សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)