សេចក្តីថ្លែងការណ៍រួម
អង្គការសហប្រជាជាតិ អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាពង្រឹងការការពារប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ
ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦
គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងលើស្ត្រីភេទ(គណៈកម្មាធិការ) បានចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងករណីបុគ្គលជាលើកដំបូងរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដោយរកឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានរំលោភបំពានសិទ្ធិក្មេងស្រីកម្ពុជាម្នាក់ ដែលត្រូវបានរំលោភសេពសន្ថវៈជាបន្តបន្ទាប់ពីសំណាក់មន្ត្រីនគរបាលម្នាក់ ។ គណៈកម្មាធិការបានរកឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការធានាឱ្យមានយុត្តិធម៌ ការការពារ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ហើយផ្ទុយទៅវិញ បានជំរុញឱ្យមាននិទណ្ឌភាព និងការរើសអើង ដែល “បានធ្វើឱ្យនាងប្រឈមនឹងការយាយី និងការគំរាមកំហែងជាបន្តបន្ទាប់ ដោយធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តរបស់នាងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចស្តារឡើងវិញបាន ហើយធ្វើឱ្យនាងក្លាយជាជនរងគ្រោះម្តងទៀត” ។
យើងខ្ញុំសូមស្វាគមន៍ចំពោះទស្សនៈដ៏សំខាន់ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការខាងលើនេះ ហើយសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល បង្កើនកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ និងធានាថា ជនរងគ្រោះ ឬអ្នករស់រានមានជីវិតពីអំពើហិង្សាទាំងនោះគ្រប់រូប មានសិទ្ធិទទួលបានយុត្តិធម៌ត្រឹមត្រូវ និងទាន់ពេលវេលា ដោយគ្មានការរើសអើង ។
ក្នុងនាមជាភាគីនៃពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់សមត្ថកិច្ចរបស់គណៈកម្មាធិការ ស៊ី ដ ក្នុងការទទួល និងពិចារណាលើករណីបណ្តឹងបុគ្គល ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ។
ករណីមួយដែលត្រូវបានដាក់ជូនគណៈកម្មាធិការ គឺពាក់ព័ន្ធនឹងមន្ត្រីនគរបាលម្នាក់ដែលបានរំលោភសេពសន្ថវៈជាបន្តបន្តាប់ ទៅលើក្មេងស្រី អាយុ ១១ឆ្នាំ ដែលមានពិការភាពម្នាក់ នៅក្នុងឆ្នាំ២០១០ ។ ទោះបីជាមានការផ្តន្ទាទោសជាស្ថាពរ ដោយតុលាការកំពូលនៅក្នុងឆ្នាំ២០១៦ ក៏ដោយ ក៏ជនល្មើសម្នាក់នេះ នៅមិនទាន់បានអនុវត្តទោសជាប់ពន្ធនាគារ ឬសងសំណងរដ្ឋប្បវេណី ដែលខ្លួនត្រូវទទួលខុសត្រូវនោះ នៅឡើយទេ ។ គណៈកម្មាធិការ បានរកឃើញថា ដំណើរការផ្លូវច្បាប់នេះ បានអូសបន្លាយពេលយ៉ាងយូរ ការផ្តន្ទាទោសមិនទាន់គ្រប់គ្រាន់សមទៅនឹងបទល្មើស និងបរាជ័យក្នុងការអនុវត្តសាលដីការបស់តុលាការកំពូល ។ កុមារីរងគ្រោះ និងគ្រួសាររបស់នាងបានរង់ចាំយុត្តិធម៌អស់រយៈពេល ១៦ឆ្នាំ មកហើយ ខណៈដែលជនប្រព្រឹត្តនៅតែបន្តស្ថិតនៅក្រៅឃុំនៅឡើយ ។
គណៈកម្មាធិការ ស៊ី ដ បានសន្និដ្ឋានថា រាជរដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់ការការពារ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពទេ តែបែរជាជំរុញឱ្យមាននិទណ្ឌភាព និងការរើសអើងទៅវិញ។
ក្នុងសេចក្តីសន្និដ្ឋាននោះរួមមាន ៖
• បរាជ័យក្នុងការធានាឱ្យមានការស៊ើបអង្កេតភ្លាមៗ ដោយឯករាជ្យ មិនលម្អៀង និងហ្មត់ចត់ ។
• ការប្រកាន់ខ្ជាប់នូវផ្នត់គំនិតដែលមានលក្ខណៈរើសអើងទាក់ទងនឹងយេនឌ័រ អាយុ និងពិការភាព ។
• ពឹងលើការយល់ដឹងផ្អែកលើផ្នត់គំនិតមិនត្រឹមត្រូវអំពីអំពើហិង្សាផ្លូវភេទ និងកំណត់ស្តង់ដារតម្រូវលើភស្តុតាងមិនសមហេតុផល ។
• ការកំណត់ទោសមិនគ្រប់គ្រាន់សមនឹងបទល្មើស ដោយមិនបានឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃអំពើរំលោភបំពានឡើយ ។
• ខកខានក្នុងការអនុវត្តសាលដីការបស់តុលាការកំពូល រួមទាំងការចាប់ខ្លួន និងការសងសំណង ។
• ខកខានក្នុងការអនុវត្តវិធានការការពារតាមនីតិវិធីច្បាប់ ដែលបណ្តាលឱ្យជនរងគ្រោះបាត់បង់សិទ្ធិសេរីភាព សេរីភាពក្នុងការបំលាស់ទី និងការជួបជុំ ។
គណៈកម្មាធិការបានរកឃើញថា សកម្មភាពរំលោភបំពានខាងលើទាំងនេះមានន័យស្មើនឹង «ការបរាជ័យក្នុងការទទួលបាននូវយុត្តិធម៌» និង «ការបដិសេធក្នុងការផ្តល់យុត្តិធម៌ប្រកបដោយប្រសិទ្ធភាព»។ ទស្សនៈទាំងនេះ ត្រូវបានអនុម័តនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងអំពីឧបសគ្គជាប្រព័ន្ធក្នុងការទទួលបានយុត្តិធម៌ និងសុវត្ថិភាព ដែលជនរងគ្រោះ ឬអ្នករស់រានមានជីវិតពីអំពើហិង្សាផ្អែកលើយេនឌ័រ និងជនមានពិការភាព បានជួបប្រទះនៅក្នុងប្រទេសកម្ពុជា ។
យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមចាត់វិធានការជាបន្ទាន់ និងច្បាស់លាស់ ដើម្បីអនុវត្តអនុសាសន៍របស់គណៈកម្មាធិការ ។
អនុសាសន៍មួយចំនួន ក្នុងចំណោមអនុសាសន៍នានាផ្សេងទៀតទាំងនេះរួមមានដូចជា ៖
• អនុវត្តសាលដីការបស់តុលាការកំពូលជាបន្ទាន់ ដែលរួមទាំងការចាប់ខ្លួន និងឃុំខ្លួនជនប្រព្រឹត្ត និងការសងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះឱ្យបានពេញលេញ ។
• ផ្តល់នូវសំណងយុត្តិធម៌ជូនក្មេងស្រី និងក្រុមគ្រួសាររបស់នាងដើម្បីប៉ះប៉ូវការខូចខាត រួមទាំងសំណងការខូចខាតផ្នែកហិរញ្ញវត្ថុ ការគាំទ្រផ្នែកផ្លូវចិត្ត និងវិធានការដើម្បីស្តារសេចក្តីថ្លៃថ្នូរ និងការបញ្ចូលជនរងគ្រោះទៅក្នុងសហគមន៍របស់នាងឡើងវិញ ។
• កែសម្រួលក្របខណ្ឌច្បាប់ ដើម្បីធានាថាក្របខណ្ឌទាំងនេះស្របតាមស្តង់ដារអន្តរជាតិទាក់ទងនឹងគោលការណ៍នៃការយល់ព្រម ការអនុវត្តយ៉ាងតឹងរ៉ឹងនូវទោសដែលបានកំណត់ និងលុបបំបាត់ស្តង់ដារប្រមូលភស្តុតាងដែលអយុត្តិធម៌ ។
• ហាមឃាត់ការប្រើប្រាស់យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ រួមទាំងការផ្សះផ្សា ការសម្របសម្រួល និងយន្តការដោះស្រាយវិវាទផ្សេងទៀត សម្រាប់រាល់ករណីអំពើហិង្សាផ្លូវភេទទាំងអស់ ។
• ធានាឱ្យមានការទទួលបាននូវយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ផ្អែកលើយេនឌ័រ ការផ្តោតលើជនរងគ្រោះ ឬអ្នករស់រានមានជីវិត ការយល់ដឹងពីរបួសផ្លូវចិត្ត នីតិវិធីដែលសមស្របសម្រាប់កុមារ និងការមិនរើសអើង ក្នុងករណីអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ ។
គណៈកម្មាធិការបានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួនបីលើក សូមឱ្យផ្តល់ព័ត៌មានពាក់ព័ន្ធនឹងពាក្យបណ្តឹងនេះ មុនពេលចេញផ្សាយទស្សនៈសន្និដ្ឋានទាំងនេះ ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាពុំបានចូលរួមជាមួយគណៈកម្មាធិការ ឬផ្តល់ព័ត៌មាន ឬការសង្កេតណាមួយឡើយ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេលប្រាំមួយខែ ដើម្បីផ្តល់ការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មាធិការ រួមទាំងព័ត៌មានអំពីសកម្មភាពណាមួយដែលត្រូវបានអនុវត្តដោយផ្អែកលើទស្សនៈ និងអនុសាសន៍នានា ។ គណៈកម្មាធិការក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សូមបកប្រែការរកឃើញរបស់ខ្លួនជាភាសាខ្មែរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ ។ យើងខ្ញុំនឹងបន្តតាមដានការអនុវត្តអនុសាសន៍ទាំងនេះរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង រយៈពេលប៉ុន្មានខែខាងមុខទៀត ។
ករណីនេះគឺជាទស្សនៈសន្និដ្ឋានលើកដំបូងទាក់ទងនឹងប្រទេសកម្ពុជា និងដែលបានចេញផ្សាយក្រោមពិធីសារបន្ថែមនៃអនុសញ្ញា ស៊ី ដ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាមានឱកាសបង្ហាញឱ្យបានច្បាស់ថា អំពើហិង្សា និងការរើសអើងផ្លូវភេទ គឺជាទង្វើដែលមិនអាចអត់ឱនឱ្យបាន ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់ទង្វើទាំងនេះ ។ យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវអនុសាសន៍ទាំងនេះ រាយការណ៍ជាសាធារណៈអំពីវឌ្ឍនភាពនៃការអនុវត្តរបស់ខ្លួន និងធានាឱ្យមានយុត្តិធម៌ប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលធ្លាប់ជួបប្រទះអំពើហិង្សាផ្លូវភេទ ៕
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ ៖
1. សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ (កំពង់ឆ្នាំង)
2. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
3. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
4. សហគមន៍អមលាំង (កំពង់ស្ពឺ)
5. សមាគម អ្នកបម្រើការងារតាមផ្ទះ (ADW)
6. សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)
7. សហគមន៍បឹងពីរ (បាត់ដំបង)
8. សហគមន៍បឹងប្រាំ (បាត់ដំបង)
9. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
10. អង្គការកម្ពុ្ពជាដើម្បីសុខភាពនិងការអប់រំសហគមន៍ (CHEC)
11. សហភាពការងារកម្ពុជា (CLC)
12. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិនុស្ស លីកាដូ (LICADHO)
13. អង្គការទ្រទ្រង់ស្រ្តីខ្មែរ (COWS)
14. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
15. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
16. អង្គការប្រឹក្សាសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCDO)
17. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
18. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
19. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
20. អង្គការអប់រំសុខភាព និង បរិស្ថាន (EHE)
21. អង្គការសមធម៌កម្ពុជា (EC)
22. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
23. អង្គការក្លាហាន (KLAHAAN)
24. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
25. សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិបុះ (ព្រះវិហារ)
26. សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
27. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
28. សហគមន៍ដីធ្លី (ប៉ៃលិន)
29. សហគមន៍ឡពាង (កំពង់ឆ្នាំង)
30. សមាគមអភិវឌ្ឈន៌ជនជាតិដើមភាគតិចមណ្ឌលគីរី (MIPAD)
31. សហគមន៍មានជ័យ (ស្វាយរៀង)
32. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)
33. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
34. សហគមន៍ភ្នំក្រោម (សៀមរាប)
35. អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD)
36. សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
37. សហគមន៍ព្រៃឈើពេជចង្វារល្អឆើត (កំពង់ឆ្នាំង)
38. សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ
39. សហគមន៍ព្រៃឡង់ខេត្តក្រចេះ
40. សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង
41. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
42. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
43. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
44. អង្គការជំនួយជនបទ (RAO)
45. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
46. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
47. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
48. សមាគម ក្រុមអភិវឌ្ឍន៍ភូមិ (KAWP)
49. អង្គការសមាគមធាងត្នោត (ស.ធ.ត)
50. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
51. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
52. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
53. សហគមន៍ដីធ្លីតានី (សៀមរាប)
54. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រី (NGO-CEDAW)
55. សមាគមអភិវឌ្ឍន៍ស្រ្តីកម្ពុជា (CWDA)
56. សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
57. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
58. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
59. សហគមន៍ត្រពាំងជោ (កំពង់ឆ្នាំង)
60. អង្គការនារីដើម្បីសន្តិភាព (WPM)