29
Sep

សេចក្តីថ្លែងការណ៍រួម ស្ដីពី ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤

យើងខ្ញុំជាសហជីព តំណាងកម្មករនិយោជិត អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ធ្វើការលើវិស័យ សិទ្ធិការងារ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា សូមចូលរួមសម្ដែងនូវការខកចិត្តជាខ្លាំង ដែលកម្មករនិយោជិតពុំអាចទទួលបានប្រាក់ឈ្នួលអប្បបរមា ២១៣ ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៤។ កន្លងមកដំណើរក្នុងការចរចាជាត្រីភាគី ក្រុមសហជីពដែលឯករាជ្យ តែងតែទាញយកទឡ្ហីករណ៍ និងលើកយកអំណះអំណាង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៧ ចំណុច ដែលដាក់ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកធ្វើបទបង្ហាញ​។ ស្រដៀងគ្នានេះដែរ ភាគីពាក់ព័ន្ធនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានទទួលស្គាល់ថា ចំណូលកម្មករធ្លាក់ចុះ​ អតិផរណាកើនឡើង ដែលធ្វើឲ្យកម្មករជួបបញ្ហាលំបាកកាន់តែខ្លាំងឡើង​។​

ថ្មីៗនេះ របកគំហើញនៃការសិក្សាស្រាវជ្រាវដោយក្រុម អង្គការជាតិ អន្តរជាតិ និងក្រុមសហជីពឯករាជ្យ បង្ហាញពីការថយចុះប្រាក់ចំណូល ការកើនឡើងនៃការចំណាយលើការរស់នៅ និងកំណើនបំណុល នៅក្រោយវិបត្តិកូវីដ-១៩[1]។ ការរកឃើញបានបង្ហាញថា កម្មករភាគច្រើនជំពាក់បំណុលក្នុងអំឡុងពេលបិទខ្ទប់ដោយសារវិបត្តិកូវីដ-១៩ ហើយពួកគេមិនមានលទ្ធភាពសងបំណុលនោះទេ។ ​ក្រៅពីនេះ លទ្ធផលក៏បានបង្ហាញផងដែរថា​ ចំណូលជាក់ស្តែង រួមទាំងប្រាក់ថែមម៉ោង របស់កម្មករ​ជាច្រើន មានការ​ថយចុះ​ ខណៈដែល​ការចំណាយក្នុង​ការ​រស់នៅ​ កើនឡើង​ដោយសារ​​​អតិផរណា​។ ​លទ្ធផលសំខាន់ៗនេះ គឺផ្អែកតាមការ​ប្រៀបធៀបការ​សិក្សាអង្កេត ដែល​ធ្វើឡើង​ដោយ  CNV International, សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (AFWA), មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (រួមមានសម្ព័ន្ធ​សហជីពប្រជាធិប​តេយ្យ​​កម្មករ​កាត់ដេរ​កម្ពុជា (CCAWDU) និងសម្ព័ន្ធសហជីពកម្ពុជា (CATU) ក្នុងឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣។​ ការ​សិក្សានីមួយៗ​​ បានរំលេច​ទិដ្ឋភាព​ផ្សេងៗ​នៃ​​ភាពលំបាកលំបិន​ផ្នែកសេដ្ឋកិច្ច​​របស់​កម្មករ​រោងចក្រកាត់ដេរកម្ពុជា។ ការ​សំយោគ​​លទ្ធផលរកឃើញទាំងនេះ បាន​​ផ្តល់​ទិដ្ឋភាពរួម​ដែលបញ្ជាក់ពីភាពចាំបាច់​នៃការដំឡើង​ប្រាក់ឈ្នួលឲ្យបានច្រើន​ នៅ​​ក្នុងឧស្សាហកម្មកាត់ដេរ​កម្ពុជាមុនការ​ចរចា​ប្រាក់ឈ្នួលអប្បបរមា​ថ្នាក់ជាតិ ឆ្នាំ ២០២៣។ ​ការសិក្សាស្រាវនេះក៏បានជំរុញទៅភាគីពាក់ព័ន្ធរួមទាំង ក្រុមហ៊ុនអ្នកបញ្ជាទិញ និយោជក និង រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ប្រាក់ឈ្នួលកម្មករនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរជាបន្ទាន់។

ដោយផ្អែកលើអំណះអំណាង និងទឡ្ហីករណ៍ខាងលើ យើងខ្ញុំជាសហជីព តំណាងកម្មករនិយោជិត ស្នើសុំទៅកាន់រាជរដ្ឋាភិបាលពិចារណាលើចំណុចដូចខាងក្រោម ៖

១. ស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យ​បាន ២១៣ ដុល្លារក្នុងឆ្នាំ២០២៤។

២. ពិចារណារយៈពេលខ្លីក្នុងការដំឡើងប្រាក់ឈ្នួលចន្លោះ ៣០០ ទៅ ៥០០ ដុល្លារ សម្រាប់រយៈពេលវែង។

៣. បង្កើនកម្មវិធីលើកកម្ពស់ របបអាហារសម្រាប់កម្មករនិយោជិត ដោយស្នើសុំនិយោជកផ្ដល់អាហារថ្ងៃត្រង់  ឬប្រាក់ចំនួន ១​ ដុល្លារ អាមេរិក ក្នុងមួយថ្ងៃ ជូនដល់កម្មករនិយោជិត។

៤. បង្ហាញកម្រិតចំណេញរបស់និយោជកប្រកបដោយតម្លាភាពតាមរយៈការចរចារ (អនុសញ្ញារួម) នៅថ្នាក់វិស័យ។

៥. កាត់បន្ថយអតិផរណាផ្នែកចំណីអាហារ ថ្លៃសាំង និងការអនុវត្តច្បាប់លើផ្ទះជួលឲ្យមានប្រសិទ្ធភាព។

៦. សម្រួលរចនាសម្ព័ន្ធប្រាក់ឈ្នួល និងប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗទៅក្នុងប្រាក់ឈ្នួលអប្បបរមា។

៧. ដាក់ចេញនូវវិធានការបន្ទាន់ក្នុងការពិនិត្យ និងពិចារណាក្នុងការទម្លាក់ថវិកាជាតិដើម្បីសម្រួលលក្ខខណ្ឌបំណុល  (ពន្យារការបង់ប្រាក់ដើម និង និងការប្រាក់)។

៨. បន្តបញ្ចុះតម្លៃទឹកភ្លើង និងតបណ្ដាញទឹកភ្លើងបន្ថែមដល់ផ្ទះជួលរបស់កម្មករនិយោជិតនៅកន្លែងដែលមិនទាន់បានតភ្ជាប់។

៩. ស្នើក្រុមហ៊ុនត្រូវផ្ដល់រថយន្តដឹកជញ្ជូនកម្មករ ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដោយឥតគិតថ្លៃ ឬបន្ថែមប្រាក់លើមធ្យោបាយធ្វើដំណើរ ឬថ្លៃស្នាក់នៅរបស់កម្មករចំនួន ១៥ ដុល្លារ អាមេរិក ក្នុងមួយខែ។

១០. កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតលើវិស័យផ្សេងទៀត ដូចកម្មករនិយោជិតនៅ​ក្នុងវិស័យកាត់ដេរ។

១១. ស្នើបេឡាជាតិរបបសន្តិសុខសង្គមពង្រីកការចុះបញ្ជីសមាជិក និងពង្រឹងសេវារបបសន្តិសុខសង្គម ឲ្យមានគុណភាពល្អ ជាពិសេសជំរុញឲ្យអធិការកិច្ចចុះត្រួតពិនិត្យ និងផាកពិន័យឲ្យបានធ្ងន់ធ្ងរ ចំពោះក្រុមហ៊ុនណាដែលបានលាក់ចំនួនកម្មករនិយោជិត និងមិនបានចុះបញ្ជីកម្មករ និងជំរុញឲ្យក្រសួងសុខាភិបាល ចាត់វិធានការឲ្យបានធ្ងន់ធ្ងរ ចំពោះគ្រូពេទ្យ ឬមន្ទីរពេទ្យណាមួយ ដែលមានការរើសអើង និងមិនបានគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈព្យាបាលអ្នកជំងឺ។

១២. ស្នើបេឡាជាតិរបបសន្តិសុខសង្គមចុះបញ្ជីជូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានអាយុលើសពី ៦០ ឆ្នាំ ឲ្យទទួលបានរបបផ្នែកថែទាំសុខភាព និងរបបប្រាក់សោធន៍ដូចកម្មករនិយោជិតទូទៅដែរ​។

១៣. ស្នើសុំបន្តផ្ដល់បណ្ណមូលនិធិសមធម៌ជូនកម្មករនិយោជិតក្រៅប្រព័ន្ធឡើងវិញ ដោយមិនចាំបាច់បញ្ជាក់មុខរបរពីអាជ្ញាធររាជធានី-ខេត្តឡើយ។

១៤. ស្នើសុំឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីពដែលបានបញ្ឈប់ និងបញ្ចប់កិច្ចសន្យាការងារឲ្យចូលធ្វើការងារវិញ រួមទាំងសងនូវប្រាក់រំលឹក ព្រមទាំងទម្លាក់ចោលរាល់ការចោទប្រកាន់នានា ក្នុងប្រព័ន្ធតុលាការ និងដោះស្រាយវិវាទដែលជាប់គាំងកន្លងមក។

១៥. ស្នើសុំដាក់ពិន័យឲ្យបានធ្ងន់ធ្ងរ និងលុបបំបាត់ចំពោះក្រុមហ៊ុនម៉ៅការបន្តដែលខុសច្បាប់។

១៦. ស្នើសុំឧបត្ថម្ភសាច់ប្រាក់ឲ្យបានចំនួន ៥០ % នៃប្រាក់ឈ្នួលគោល និងពីរដ្ឋាភិបាលតាមរយៈមូលនិធិជំនួយសង្គមដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងកម្មករនិយោជិតក្នុងវិស័យផ្សេងទៀត ដែលព្យួរកិច្ចសន្យាការងារ និងបាត់បង់ការងារ។

ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣

 

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

១.​ សម្ព័ន្ធសហជីពកម្ពុជា (CATU)

២. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)

៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

៤. សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

៥. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

៦. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៧. សហភាពការងារកម្ពុជា (CLC)

៨. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)

៩. សហពន្ធ័សហជីពឥទ្ធិពលការងារ (FULI)

១០. សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (AFWA)

១១. សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED)

១២ CNV Internationaal

 

[1] Evidence of workers in distress: Declining income, rising living costs, and spiralling debt post-covid – Center for Alliance of Labor and Human Rights (central-cambodia.org)

 

ទាញយកសេចក្តីថ្លែងការណ៍(ភាសាខ្មែរ)

This post is also available in: Khmer

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...