ស្ត្រីខ្មែរត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី
វ.ណ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅព្រឹកនេះ ក្រោយពីបានចាកចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីអស់មួយឆ្នាំជាង។ នាងត្រឡប់មកវិញដោយមិនមានសល់លុយកាក់ក្នុងខ្លួនសោះ។
នាងត្រូវបានចាញ់បោក មេខ្យល់នៅភ្នំពេញសន្យាឲ្យនាងទៅធ្វើការជាអ្នកជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី និងបានប្រាក់ខែខ្ពស់ តែមិនដូចការសន្យានោះសោះ។ ពេលទៅដល់ប្រទេសម៉ាឡេស៊ី នាងត្រូវបានបញ្ជូនទៅកាន់ ភ្នាក់ងារ (Agency) រួចភ្នាក់ងារក៏បញ្ជូនបន្តទៅឲ្យថៅកែដែលមានមុខរបរជាអ្នករកស៊ីលក់ត្រី។ នាងត្រូវបានថៅកែឲ្យនាងលើកដាក់ត្រី និងទឹកកករៀងរាល់ថ្ងៃ។ នាងត្រូវគេឲ្យធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង ២ព្រឹករហូតដល់ ម៉ោង៨យប់។ នេះបើតាមការរៀបរាប់របស់ មន្ត្រីផ្នែកទេសន្តរប្រវេសន៍របស់ សង់ត្រាល់ លោកឌី ថេហូយ៉ា។
ធ្វើការធ្ងន់ក៏ពិតមែនតែ វ.ណ ក៏ទទួលបានប្រាក់ខែដែរ តែប្រាក់ខែនេះមិនបានដល់ដៃរបស់នាងទេ ពោលគឺថៅកែឲ្យប្រាក់ខែនេះទៅ ភ្នាក់ងារ (Agency) ហើយភ្នាក់ងារ បញ្ជូនបន្តមកឲ្យគ្រួសាររបស់នាងនៅប្រទេសកម្ពុជា។ នាងមិនត្រូវបានគេឲ្យដឹងពីចំនួនប្រាក់ខែនោះទេ តែរាល់ខែ ភ្នាក់ងារ (Agency) បានផ្ញើលុយមកឲ្យគ្រួសារនាង ចំនួន ១៥០ ដុល្លា។
ការត្រឡប់របស់នាងមកវិញ នេះគឺមិនមានសល់ថវិកាក្នុងខ្លួនសោះ។ មុននឹងមកដល់ប្រទេសវិញ នាងបានស្នាក់នៅក្នុងស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី។ ម្តាយរបស់នាងបានផ្ញើប្រាក់ចំនួន ២០ មឺុនរៀលពីកម្ពុជាទៅឲ្យនាងវិញ ដោយគ្រាន់ទុកទិញអាហារហូបចុកខ្លះពេលត្រឡប់មកវិញ។
ការជួយសង្គ្រោះនាងត្រូវបានធ្វើឡើងតាមរយៈការផ្តល់ដំណឹងពីសាច់ ញាតិរបស់នាង ដែលត្រូវបានជួយសង្គ្រោះដោយស្ថាប័ន សង់ត្រាល់ កាលពីខែមុន ឲ្យដំណឹងមក។ សង់ត្រាល់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ហើយក៏ឈានទៅដល់ការជួយសង្គ្រោះ នាង វ.ណ បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។