សង្គមស៊ីវិលអំពាវនាវសូមឲ្យមានការដោះលែងសកម្មជនបឹងកក់ជាបន្ទាន់
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវសកម្មជនបឹងកក់ (អ្នកស្រី ទេពវន្នី និងអ្នកស្រី បូវ សោភា) ដែលត្រូវបានចោទប្រកាន់ ហើយបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការនៅមណ្ឌលកែប្រែទី២នៃពន្ធនាគារព្រៃសកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធទៅនឹងការចូលរួមរបស់អ្នកទាំងពីរក្នុងយុទ្ធនាការអហិង្សា “ថ្ងៃច័ន្ទពណ៌ខ្មៅ”។ យើងខ្ញុំ ក៏សូមអំពាវនាវឲ្យអាជ្ញាធររដ្ឋទម្លាក់ចោលនូវការចោទប្រកាន់ដែលមិនត្រឹមត្រូវលើអ្នកទាំងពីរ ហើយសូមឲ្យធានានូវសិទ្ធិក្នុងការប្រមូលផ្ដុំដោយអហិង្សា ដូចជាអ្នកដែលគាំទ្រយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ ដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិផងដែរ។
អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ដែលអ្នកទាំងពីរជាសកម្មជនបឹងកក់យូរមកហើយនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា វេលាម៉ោងប្រហែល ៦និង៣០នាទីល្ងាច បន្ទាប់ពីកងសន្តិសុខបានចូលទៅចាប់ខ្លួនអ្នកទាំងពីរ អំឡុងពេលការប្រមូលផ្ដុំដោយអហិង្សាក្នុងសហគមន៍ដែលបានធ្វើឡើង ដើម្បីប្រារព្ធធ្វើយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ“ សប្ដាហ៍ទី១៥។ អ្នកទាំងពីរត្រូវបានឃុំខ្លួនចំនួនពីរយប់នៅអធិការដ្ឋានខណ្ឌដូនពេញ ជាកន្លែងដែលអ្នកពីរត្រូវបានសមត្ថកិច្ចសាកសួរ ខណៈពេលដែលមានអ្នកគាំទ្រជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងក្រៅ។ ក្នុងចំណោមអ្នកគាំទ្រទាំងអស់នោះ មានស្រ្តីជនជាតិអេស្ប៉ាញម្នាក់ដែលចុះធ្វើការស្រាវជ្រាវនៅក្នុងសហគមន៍បឹងកក់ត្រូវបានឃាត់ខ្លួនដោយប៉ូលីសអន្តោប្រវេសន៍នៅខាងក្រៅអធិការដ្ឋានខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃច័ន្ទ។ មួយថ្ងៃក្រោយមក ស្រ្តីជនជាតិអេស្ប៉ាញរូបនោះត្រូវបានបញ្ជូនខ្លួនចេញពីប្រទេសកម្ពុជាបន្ទាប់ពីថ្ងៃចាប់ខ្លួន។
នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានសាកសួរដោយលោក កែវ សុជាតិ ដែលជាព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ។ លុះដល់ម៉ោងប្រហែលជា៤រសៀល អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)។
អ្នកស្រី ស ស៊ន ដែលជាសកម្មជនដីធ្លីមកពីសហគមន៍បុរីកីឡា បានមានប្រសាសន៍ថា៖ “ថ្ងៃច័ន្ទពណ៌ខ្មៅ ជាយុទ្ធនាការមួយសម្រាប់ទាមទារយុត្តិធម៌ តែផ្ទុយទៅវិញយុទ្ធនាការនេះ ត្រូវបានជួបតែរឿងអយុត្តិធម៌កាន់តែច្រើនឡើងៗ”។ អ្នកស្រីបន្តថា៖ “អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានចាប់ខ្លួនក្នុងសហគមន៍ ដោយគ្មានមូលហេតុច្បាស់លាស់។ ហើយទោះជាមានការគំរាមគំហែង យើងនឹងនៅតែបន្តទាមទារឲ្យមានការដោះលែងអ្នកទាំងពីរមកវិញ រួមទាំងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារផងដែរ។”
ការចោទប្រកាន់ត្រូវបានធ្វើឡើងក្រោយពីការប្រមូលផ្ដុំដោយអហិង្សា ដែលបង្ហាញពីការរំលោភសិទ្ធិសេរីភាព ដ៏ធ្ងន់ធ្ងរមួយក្នុងការបញ្ចេញមតិ និងប្រមូលផ្ដុំដោយសន្តិវិធី និងជាវិធានការមួយទៀតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ឈប់ប្រជាពលរដ្ឋដែលចង់បញ្ចេញមតិ។ រាជរដ្ឋាភិបាលកម្ពុជាបានយល់មិនត្រឹមត្រូវជាច្រើនលើកច្រើនសារថា ការប្រមូលផ្ដុំតូចៗដោយអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅជាសញ្ញាមួយនៃ “ចលនាប៉ះបោរនៅក្នុងទីក្រុង” ហើយចោទថាការស្លៀកពាក់ខ្មៅនោះ គឺក្នុងគោលបំណងដើម្បី “ធ្វើបដិវត្តន៍ពណ៌”។
អ្នកនាង ណាលី ពីឡូក ដែលជានាយករងផ្នែកតស៊ូមតិនៃអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សបានមានប្រសាសន៍ថា៖ “សំណុំរឿងនេះ បង្ហាញសារជាថ្មីថា រដ្ឋាភិបាលមិនមានចេតនាក្នុងការលើកស្ទួយការបញ្ចេញមតិដោយអហិង្សារក្នុងសង្គមប្រជាធិបតេយ្យ”។ អ្នកនាងបន្តថា៖ “ការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះ គឺជាការបង្រ្កាបជាបន្តបន្ទាប់ ទៅលើប្រជាពលរដ្ឋកម្ពុជាដែលទទួលការគំរាមគំហែងហើយ តែមិនទាន់ព្រមបញ្ឃប់សកម្មភាពធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ”។
រយៈពេលមិនដល់មួយម៉ោងផង បន្ទាប់ពីការចោទប្រកាន់ ស្រ្តីទាំងពីររូបត្រូវបានបញ្ជូនចូលសវនាការ ដោយមិនបានធ្វើតាមនីតិវិធីក្នុងការស៊ើបអង្កេតតាមផ្លូវតុលាការ។ តុលាការដែលបង្គាប់ឲ្យមានការជំនុំជម្រះភ្លាមៗ គឺជាការរំលោភទៅនឹងសិទ្ធិក្នុងការជំនុំជម្រះដោយស្មើភាពគ្នា យោងតាមច្បាប់ជាតិ និងអន្តរជាតិ ដែលរារាំងក្រុមមេធាវីការពារមិនឲ្យមានពេលគ្រប់គ្រាន់ក្នុងការការពារកូនក្ដី។
សវនាការដែលធ្វើឡើងរយៈពេលប្រហែលជា៣០នាទី ក្រោមការជំនុំជម្រះរបស់លោកចៅក្រម ពេជ្រ វិជ្ជាធម៌ ត្រូវបានផ្អាក ហើយនឹងត្រូវបន្តជំនុំជម្រះនៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហា។ ក្រោយមក អ្នកទាំងពីរត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការនៅមណ្ឌលអប់រំកែប្រែទីពីរនៃពន្ធនាគារព្រៃស។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទបញ្ញត្តិនៃការឃុំខ្លួនអាចធ្វើទៅបានលុះត្រាតែមានករណី ”លើកលែង” ដែលករណីអ្នកទាំងពីរនេះមិនស្ថិតក្នុងការលើកលែងនោះទេ។
លោក អៀង វុទ្ធី ដែលជានាយកអង្គការសមធម៌កម្ពុជាបានមានប្រសាសន៍ថា៖ “បទបញ្ញត្តិនៃការឃុំខ្លួននេះ គឺមិនមានភាពចាំបាច់នោះទេ និងមិនទាន់បានបង្ហាញពីការប្រើប្រាស់ប្រព័ន្ធយុត្តធម៌ឲ្យបានត្រឹមត្រូវ។ នេះអាចជាការបំបិទសិទ្ធិសេរីភាពក្នុងការចូលរួមផ្នែកនយោបាយ”។ លោកបានបន្តថា៖ “វាជារឿងចំឡែកមួយ ដែលអ្នកការពារសិទ្ធិមនុស្សអាចត្រូវបានចាប់ខ្លួន ព្រោះតែការតវ៉ាជំទាស់ទៅនឹងការចាប់ខ្លួនមិនត្រឹមត្រូវនៃអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត”។
ប្រសិនបើត្រូវបានផ្ដទ្ធាទោស អ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី អាចប្រឈមនឹងការជាប់ពន្ធនាការរហូតដល់ពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនមួយពាន់ដុល្លារ (៤ ០០០ ០០០ រៀល)។ នេះគឺជាលើកទីបីហើយដែលអ្នកស្រី ទេព វន្នី ត្រូវបានជាប់ក្នុងមណ្ឌលអប់រំកែប្រែទីពីរ ដោយសារការចូលរួមសកម្មភាពអហិង្សា ហើយជាលើកទីពីរសម្រាប់អ្នកស្រី បូវ សោភាដែរ ដែលបានជាប់ពន្ធនាគារ ចាប់តាំងពីឆ្នាំ២០១២មក។ អ្នកទាំងពីរត្រូវបានឃុំខ្លួនឲ្យនៅជាមួយ លោកស្រី លឹម មុន្នី ដែលជាអ្នកការពារសិទ្ធិមនុស្ស និងជាមន្រ្តីសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឃន៍នៅកម្ពុជា អាដហុក (ស្ត្រីម្នាក់ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សប្រាំនាក់ដែលកំពុងជាប់ពន្ធនាគារ ដែលជាអ្នកទាំងនោះជាហេតុផលនៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ)។
សហគមន៍បឹងកក់តែងមានអ្នកចូលរួមក្នុងយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ ដែលបានធ្វើការប្រមូលផ្ដុំរៀងរាល់សប្ដាហ៍ដើម្បីអំពាវនាវឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។ ប៉ុន្មានខែចុងក្រោយនេះ អ្នកទាំងនោះក៏បានរួមបញ្ចូលការទាមទាររកយុត្តិធម៌ទៅលើឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នកគាំទ្រក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅផងដែរ។ យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះបានឈានមកដល់សប្ដាហ៍ទី១៥ ក្រោយពីអ្នកការពារសិទ្ធិមនុស្សបួនរូបនៃសមាគមអាដហុក (ADHOC) និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសូកប៉ាន់ ដែលត្រូវបានប្រជាពលរដ្ឋជាច្រើនយល់ថាជារឿងនយោបាយ។
សរុបមក ការតវ៉ាក្នុងយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅបានបង្ហាញថា យ៉ាងតិចណាស់ មានការឃាត់ខ្លួនចំនួន៣៦លើកក្នុងចំណោមមនុស្សយ៉ាងតិច២០នាក់ ចាប់តាំងពីអ្នកទាំងនោះចាប់ផ្ដើមធ្វើយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅនេះក្នុងខែឧសភា។ ថ្ងៃនេះជាលើកដំបូងហើយដែលអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅត្រូវបានចោទប្រកាន់។
យើងអំពាវនាវឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ជាបន្ទាន់ និងទាមទារឲ្យទម្លាក់ចោលនូវបទចោទនានា ហើយអំពាវនាវសូមឲ្យបញ្ឈប់ការបង្កើនវិធានការឆ្លើយតបមិនត្រឹមត្រូវទៅលើការប្រមូលផ្ដុំដោយអហិង្សា។
សេចក្ដីថ្លែងការណ៍នេះត្រូវបានគាំទ្រដោយ៖
1. សហគមន៍កៅពីរ
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍បឹងប្រាំ
4. សហគមន៍បឹងកក់
5. សហគមន៍បឹងត្របែក
6. សហគមន៍បុរីកីឡា
7. សហគមន៍បុរីសន្តិភាព
8. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
9. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
10. អនាគតយុវជនកម្ពុជាអាស៊ាន
11. សមាគអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
12. សម្ព័ន្ធសហជីពកម្ពុជា (CATU)
13. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
14. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
15. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
16. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
17. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
18. សមាគមមន្រ្តីរាជការកម្ពុជា (CICA)
19. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
20. សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIWA)
21. សហភាពការងារកម្ពុជា (CLC)
22. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
23. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បី លុបបំបាត់រាល់ទម្រង់រើសអើង លើស្រ្តីភេទ (NGO-CEDAW)
24. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
25. បណ្តាញយុវជនកម្ពុជា (CYN)
26. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
27. សហគមន៍ឆេកូ
28. សហគមន៍ជ័យជំនះ
29. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
30. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
31. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
32. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
33. បណ្តាញកសាងសន្តិភាព (CPN)
34. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
35. សមធម៌កម្ពុជា (EC)
36. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
37. សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់
38. សហគមន៍ខ្មែរលើ (HA)
39. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
40. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
41. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
42. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
43. លីកាដូកាណាដា
44. សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
45. អង្គការមាតាធម្មជាតិ (MN)
46. អង្គការស្ពានសន្តិភាព (PBO)
47. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង សន្តិភាព (PDP-Center)
48. សហគមន៍ភ្នំបាត
49. សហគមន៍ភូមិ២៣
50. អង្គការពន្លកខ្មែរ
51. សហគមន៍ព្រែកតាគង់
52. សមាគមធាងត្នោត (STT)
53. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
54. សហគមន៍ថ្មគោល (TK)
55. សហគមន៍ទួលសង្កែB
56. សហគមន៍ត្រពាំងអញ្ចាញថ្មី
57. សហគមន៍ទំនប់ពីរ
58. អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រទីក្រុង (UPWD)
59. បណ្តាញព្រះសង្ឃវត្តថាន់
60. គណៈកម្មាធិការស្ដ្រីកម្ពុជា (CAMBOW)
This post is also available in: អង់គ្លេស