សេចក្តីថ្លែងការណ៍ស្រាយបំភ្លឺ

26
មិថុនា

សេចក្តីថ្លែងការណ៍ស្រាយបំភ្លឺ

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) និង សហព័ន្ធសហជីពកម្ពុជា (កាទូ) កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ បានចេញរបាយការណ៍ដែលមានចំណងជើងថា “ឧបសគ្គរារាំងក្នុងការទទួល បានភាពជាតំណាង”៖សេរីភាពសហជីពក្នុងប្រទេសកម្ពុជាការវាយតម្លៃពិនិត្យតាមដានអនុលោមភាព ស្ដីពីសេរីភាពសហជីព/សមាគម (FOA) របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបាន ផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម។ ជាការឆ្លើយតបមតិរិះគន់ និងអត្ថបទ ដែលបានចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ និងបណ្តាញសង្គមនានា មកលើរបាយការណ៍នេះ ព្រមទាំង ការឆ្លើយតប ដែលមានជាបន្តបន្ទាប់ យើងខ្ញុំសូមផ្តល់នូវការបកស្រាយបញ្ជាក់ជូនដូចខាងក្រោម ៖

១)     នៅក្នុងរបាយការណ៍នេះមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់  រំលេចឱ្យឃើញថា តើយើងអាចធ្វើបែបណាខ្លះ​ដើម្បី​​កែលម្អ​ការវាយតម្លៃរបស់គម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា BFC ចំពោះសេរីភាពសហជីពឱ្បបានល្អជាងនេះ​ទៀត ហើយឈានទៅ​បង្កើតឱ្យមានបរិយាកាសសម្រាប់​សហជីពកម្ពុជាទាំងអស់អាចប្រតិបត្តិការកាន់តែមានសុវត្ថិភាព និងប្រកបដោយការគោរព ដែលអាចជួយសម្របសម្រួលដល់ទំនាក់ទំនងវិជ្ជាជីវៈ និងមានផលិតភាពកាន់តែប្រសើរ​ ។

ចេតនារបស់យើង គឺដើម្បីជំរុញ ឲ្យមានការកែសម្រួលក្នុងការពិនិត្យតាមដានដោយអនុលោមតាមច្បាប់ ដែលអាចនាំឱ្យមានទិន្នន័យកាន់តែសុក្រឹត ពោលគឺអាចប្រើប្រាស់បានសម្រាប់គ្រប់កម្មករនិយោជិត នៅក្នុងការចរចា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ​ និងអនុវត្តសិទ្ធិរបស់ខ្លួន។ កម្មករនិយោជិត និងសហជីពជាច្រើន ដែលអង្គការសង់ត្រាល់ បានធ្វើការជាមួយ បានជួបនូវការរឹតបន្ដឹង លើលទ្ធភាពរបស់ពួកគេក្នុងការចងក្រងជាសហជីពដោយសេរី ។ របាយការណ៍នេះនឹងផ្តល់ព័ត៌មានលំអិតអំពីបទពិសោធន៍ជាក់ស្តែងរបស់ថ្នាក់ដឹកនាំសហជីព និង កម្មករ ដែលបានចូលរួមផ្តល់ព័ត៌មាននៅក្នុងការសិក្សាស្រាវជ្រាវនេះ និងបង្ហាញអំពីអ្វីដែលកំពុងកើតឡើងនៅតាមរោងចក្រមូលដ្ឋាន ហើយមិនត្រូវបានរាយរាការណ៍ទាំងស្រុងនៅក្នុងទិន្នន័យ ដែល  គម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា BFC ដាក់បង្ហាញ​ជាសាធារណៈនោះនៅឡើយ ។ ដោយសារ​​មូលហេតុជាច្រើនទាក់ទងនឹង វិធីសាស្ត្រក្នុងការប្រមូលពត៌មាន ផ្នែកកិច្ចការស្ថាប័ន និងផ្នែកភស្ដុភារ ក៏ដូចជាលក្ខណៈសម្បត្តិផ្នែកសវនកម្មសង្គម។  ​

២)     បើផ្អែកលើទិដ្ឋភាពវិធីសាស្ត្រក្នុងការប្រមូលពត៌មាន របាយការណ៍នេះមានវិសាលភាពតូចនៅឡើយ ដោយសារ​សំណាកមានចំនួនតិច  ក្នុង​​​ចេតនា​ឱ្យយើងអាចមើលឃើញថានេះគ្រាន់តែជាឧទាហរណ៍បង្ហាញប៉ុណ្ណោះ ពោលគឺពុំទាន់​ជា​តំណាងឱ្យកម្មករនិយោជិតកាត់ដេរកម្ពុជាទាំងអស់នោះទេ។ ក្នុងខែធ្នូ ឆ្នាំ២០២២ មានការពិភាក្សាក្រុមគោលដៅចំនួនបី ធ្វើឡើងជាមួយថ្នាក់ដឹកនាំសហជីពមកពី CATU និង C.CAWDU ដោយក្នុងនោះមានអ្នកតំណាងសហជីពសរុបចំនួន ៧៨ នាក់ (មានស្ត្រីចំនួន៣៩នាក់) មកពីសហជីពមូលដ្ឋានចំនួន២៤ នៅរោងចក្រចំនួន២២ ។ ក្នុងខែមិថុនា ឆ្នាំ២០២៣ មានការសិក្សាអង្កេតតាមដានបន្តធ្វើឡើងជាមួយអ្នកតំណាងម្នាក់ៗ មកពីសហជីពចំនួន១៤ ក្នុងចំណោមសហជីពទាំង២៤ ដែលធ្លាប់បានចូលរួម​កាលពី​ខែធ្នូ​កន្លងមក (គិតមកទល់ពេលនោះ សហជីពចំនួនប្រាំមួយត្រូវបានរំលាយអាស្រ័យដោយរោងចក្របិទទ្វារ ហើយសហជីពនៅសល់ចំនួនបួនទៀត គឺពុំមានរបាយការណ៍នៃភាពអនុលោមតាមច្បាប់ ឬពុំបានចុះបញ្ជីជាមួយ BFC)។ សំនួរក្នុងការសិក្សាអង្កេត រួមមានសំណួរចំនួន២៥ ស្ដីពី​ការរើសអើងសហជីព ទប់ស្កាត់សហជីព ការចរចាសមូហភាព និងសិទ្ធិធ្វើកូដកម្ម ដែលដកស្រង់ចេញពីឧបករណ៍វាយតម្លៃអនុលោមតាម (CAT) របស់ BFC លើចំណុចសេរីភាពផ្នែកសមាគម។    ​

ដូចមានបញ្ជាក់នៅក្នុងវិធីសាស្ត្រនៃរបាយការណ៍នេះទាំងមូល យើងទទួលស្គាល់ថា ទំហំសំណាករបស់យើង​នៅមានកម្រិត ហើយពុំមានលក្ខណៈ​តំណាងឱ្យបទពិសោធន៍ជាក់ស្ដែងរបស់គ្រប់កម្មករនិយោជិត និងគ្រប់សហជីពទាំងអស់ក្នុងប្រទេសកម្ពុជាទេ ។ យើងបានគូសបញ្ជាក់នៅក្នុងខ្លឹមសារសង្ខេប និង សេចក្ដីសន្និដ្ឋានហើយថា របាយការណ៍នេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៅក្នុងកម្រងការស្រាវជ្រាវស្ដីពីសិទ្ធិសហជីព និងលក្ខខណ្ឌការងារក្នុងប្រទេសកម្ពុជា​ ហើយគោលបំណងក្នុងវគ្គនេះ មិនមានផលិតរបាយការណ៍ដែលផ្តល់សេចក្តីសន្និដ្ឋានទៅលើលក្ខខណ្ឌការងារនៅគ្រប់រោងចក្រ ឬ លក្ខខណ្ឌការងាររបស់កម្មករទាំងអស់នោះដែរ ។ របាយការណ៍ក៏បានបញ្ជាក់នៅលើទំព័រទី២១ថា “ទំហំសំណាកមានកម្រិតកំណត់ ពុំអនុញ្ញាតឱ្យយើងអាចប្រើប្រាស់តំណាងឱ្យឧស្សាហកម្មទាំងមូល​បានទេ”។ យើងទទួលស្គាល់ទាំងស្រុងថា​ សំណាករបស់យើង គឺពុំមានភាពតំណាងឱ្យវិស័យកាត់ដេរ​កម្ពុជាទាំងមូលនោះទេ។ ​ ​

៣)    យើងខ្ញុំសូមបញ្ជាក់ជាថ្មីទៀតថា      របាយការណ៍នេះពុំមានចេតនាជាការវាយប្រហារលើភាគីណាមួយ ឬ ស្ថាប័នណាមួយ ហើយក៏មិនមានចេតនាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានោះដែរ។ គោលបំណងចម្បងនៃរបាយការណ៍នេះ គឺដើម្បីវាយតម្លៃផ្នែកមួយនៅក្នុង​កម្មវិធីពិនិត្យតាមដានភាពអនុលោមតាមច្បាប់របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា BFC ។ ​BFC គឺជាកម្មវិធីមួយដ៏ទូលំទូលាយ ហើយការងាររបស់ BFC គឺគ្របដណ្ដប់លើទិដ្ឋភាពជាច្រើន ពោលគឺ​មិនមែនមានត្រឹមតែគេហទំព័រតម្លាភាព និងទិន្នន័យតម្លាភាព​នោះឡើយ ។ សេវាប្រឹក្សាយោបល់របស់ BFC បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនៅតាមបណ្តាររោងចក្រ ព្រមទាំងផ្ដល់បរិកាសសម្រាប់កិច្ចសហការ​ឆ្លើយតបចំពោះ​បញ្ហាភាពមិនអនុលោមតាមច្បាប់ នៅពេលបញ្ហាទាំងនោះកើតមាន។ ជាមួយគ្នានេះដែរ របាយការណ៍បានរំលេចឱ្យឃើញនូវភាពមិនស៊ីសង្វាក់គ្នារវាងករណីនានានៃការរំលោភបំពានលើសេរីភាពសហជីព ដែលបានកត់ត្រាទុកក្នុងឯកសារ ហើយត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ធៀបជាមួយទិដ្ឋភាពជាក់ស្ដែង។ ផ្ទុយទៅវិញបញ្ហាទាំងនោះពុំត្រូវបានដាក់បញ្ជូលនៅក្នុងទិន្នន័យសាធារណៈរបស់   BFC។  ហើយក៏ទទួលស្គាល់ផងដែរថា “ការចាប់ផ្តើមរបស់ BFC និងការបើកបង្ហាញជាសាធារណៈអំពីភាពអនុលោមតាមច្បាប់របស់រោងចក្រនីមួយៗ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ការយល់ដឹងស្ដីពីលក្ខខណ្ឌការងារក្នុងឧស្សាហកម្មកាត់ដេរ និង ផលិតស្បែកជើងរបស់កម្ពុជា​ ក៏ដូចជាលើកទឹកចិត្តឱ្យមានការកែតម្រូវជាវិជ្ជមាន”។ បន្ថែមលើនេះ យើងខ្ញុំបានកត់សម្គាល់នៅក្នុងរបាយការណ៍ថា “ដោយសាររបាយការណ៍នេះ ជារបាយការណ៍ផលិតដោយកម្មវិធីរបស់អង្គការអន្តរជាតិផ្នែកការងារ (ILO) របាយការណ៍ភាពអនុលោមតាមច្បាប់របស់ BFC ត្រូវបានចាត់ទុកថា ជាការវាយតម្លៃដ៏មានកេរ្តិ៍ឈ្មោះ មានការទទួលស្គាល់ជាអន្តរជាតិ ដែលមានភាពស្របច្បាប់ជាមួយអ្នកបញ្ជាទិញ និង ស្ថាប័នជំនុំជម្រះ ដែលមានភស្ដុតាងបង្ហាញជូនដោយសហជីព និង កម្មករនិយោជិតផ្ទាល់ដោយមិនអាចខ្វះខាត”។ តួនាទីដែល BFC បានបំពេញក្នុងការលើកកម្ពស់ភាពអនុលោមតាមសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរ ផលិតផលស្បែកជើង និងសម្ភារៈធ្វើដំណើររបស់កម្ពុជា គឺពុំអាចប្រកែកបានឡើយ។ ក្រុមហ៊ុនម៉ាកយីហោ កម្មករនិយោជិត និង និយោជក គឺសុទ្ធតែពឹងផ្អែកលើវត្តមានរបស់កម្មវិធីនេះ ដើម្បីអាចអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងគាំទ្រជីវភាពរស់នៅរបស់ខ្លួន។ អនុសាសន៍ក្នុងរបាយការណ៍របស់យើង គឺគ្រាន់តែដើម្បីផ្សព្វផ្សាយឱ្យមានសកម្មភាពបន្ថែមទៀត ធានាឱ្យបានថាទិន្នន័យដាក់ជូនសាធារណជន គឺមានភាពតំណាងពេញលេញ ដែលបង្ហាញពីបទពិសោធន៍ជីវិតជាក់ស្ដែងរបស់កម្មករនិយោជិតទាំងអស់ ។ ​

៤)     សង់ត្រាល់ ក្នុងនាមជាអ្នកសរសេររបាយការណ៍ រួមមាន (កាទូ) និង (ស៊ីខៅឌូ)  ដែលបានសម្របសម្រួលការប្រមូលទិន្នន័យ រីករាយ ស្វាគមន៍ និងឆ្លើយតបចំពោះសំណួរ ឬកង្វល់ដែលនឹងទទួលបាននាពេលខាងមុខពីសហជីពមូលដ្ឋាន ដៃគូការងារ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធឯទៀត ដែលទាក់ទងជាមួយការរកឃើញ និងអនុសាសន៍របស់ខ្លួន។ យើងខ្ញុំ ស្វាគមន៍កិច្ចសន្ទនាគ្រប់ទម្រង់ទាំងអស់ ដើម្បីធានាឱ្យមានភាពច្បាស់លាស់ និងដើម្បីបង្ការកុំឱ្យមានការភ័ន្តច្រឡំដទៃទៀត ដែលអាចកើតមានពីការផ្សព្វផ្សាយរបាយការណ៍នេះ។

សម្រាប់ព័ត៍មានបន្ថែមសូមធ្វើការទំនាក់ទំនង៖

១. លោក គង់ អាទិត្យ ប្រធាន (ស៊ីខៅឌូ) ទូរស័ព្ទលេខ ០១២ ៧០ ៩៥ ០៩ (signal)

២. អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន (កាទូ) ទូរស័ព្ទលេខ ០១៥ ៧៨ ៧៨ ៥៧ (signal)

៣. លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារ (សង់ត្រាល់) ទូរស័ព្ទលេខ ០៩៣ ៥៥ ៦៦ ៧១ (signal)

 

ទាញយកសេចក្តីថ្លែងការណ៍៖

សេចក្តីថ្លែងការណ៍ស្រាយបំភ្លឺ(ភាសាខ្មែរ)

សេចក្តីថ្លែងការណ៍ស្រាយបំភ្លឺ(ភាសាអង់គ្លេស)

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...